Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតមេបក្សខ្មែរក្រោក ជាប់គុក៦ឆ្នាំ ករណីប្លន់ម្ចាស់បុរី ម៉ន ដានី

អតីតមេបក្សខ្មែរក្រោក ជាប់គុក៦ឆ្នាំ ករណីប្លន់ម្ចាស់បុរី ម៉ន ដានី

 ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសលើសំណុំរឿងជនត្រូវចោទឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang (អតីតមេបក្សខ្មែរក្រោក) និងបក្ខពួក សរុប៤នាក់ ក្នុងសំណុំរឿងប្លន់មួយករណីទៀត លើម្ចាស់បុរីម៉ន ដានី នៅខេត្តកំពង់ស្ពឺ។

វត្តមានក្នុងការប្រកាសសាលក្រម មានលោកស្រីចៅក្រម ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ និងលោកចៅក្រម កេត សុជាតិ ជាចៅក្រមប្រឹក្សា និងមានវត្តមានលោក សាន សុភ៉ ជាតំណាងអយ្យការ។

នៅចំពោះមុខជនត្រូវចោទទាំង៤នាក់ តុលាការបានប្រកាសសម្រេច ៖

ទី១-ឈ្មោះសុខ សុវណ្ណវឌ្ឍនា សាប៊ុង ភេទប្រុស អាយុ៤៤ឆ្នាំ ហៅសុខសុវណ្ណ វឌ្ឍនាសាពុង ហៅវីល្លាម គ័ង ដាក់ពន្ធនាគារ ៦ឆ្នាំ។ ទី២-ឈ្មោះគេច ម៉ាច ហៅអាតឿ ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ ៤ឆ្នាំ។ ទី៣-ឈ្មោះអោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ និងទី៤-ឈ្មោះសុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ ៥ឆ្នាំ។ ពីបទ “ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត”។

គួរបញ្ជាក់ថា ការប្រកាសសាលក្រមនៅពេលនេះ គឺជាសំណុំរឿងទី២ ក្រោយពីប្រកាសសាលក្រមក្នុងសំណុំរឿងប្លន់ប្រដាប់អាវុធលើផ្ទះអ្នកលក់ឡេអនឡាញ ឧកញ៉ាអ៊ាន សៀវម៉ី កាលពីពេលកន្លងទៅ។

គួររំលឹកថា តាមចម្លើយរបស់ឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាមេខ្លោង និងជាអ្នករៀបចំផែនការប្លន់ បានបញ្ជាក់ថា សកម្មភាពប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃ មូលហេតុដែលនាំឱ្យខ្លួនសម្រេចចិត្តប្លន់ គឺដោយសារតែខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលស់មិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួនរស់នៅ គឺជួលក្នុងតម្លៃ ២៥០០ដុល្លារ ក្នុង១ខែ និងជំពាក់ឈ្នួលផ្ទះគេ ២ខែហើយ។ ចំណែកស្នាក់ការបក្ស ចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។

ឈ្មោះសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang បានបន្តថា កន្លងមក ពួកខ្លួនបានធ្វើសកម្មភាពប្លន់ ចំនួនម្តងរួចមកហើយ គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ម្ចាស់បុរី ម៉ន ដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឱ្យតែកូនចៅ ៥នាក់ អាវុធវែង ១ដើម អាវុធខ្លី ២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។ បន្ទាប់មក គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឱ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិនៅផ្ទះឧកញ៉ា អ៊ាន សៀវម៉ី បានសម្រេច ដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន។ ចំណែកមូលហេតុគឺដោយសារធុញ ស្អប់ ជ្រេញអ្នកអួតទ្រព្យសម្បត្តិតាមបណ្តាញសង្គម ជាពិសេសគឺអ្នកលក់ឡេនេះតែម្តង ដែលចូលចិត្តអួតពីមាស ពេជ្រ ដុល្លារ ដូចផ្គើនចោរ។ ប៉ុន្តែរំលងបានតែ១យប់ ក៏ត្រូវមន្ត្រីជំនាញ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ ដកហូតអាវុធវែងខ្លី ចំនួន៥ដើម និងគ្រឿងពេជ្រ ជាច្រើនឈុត៕

RELATED ARTICLES