Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាវុធហត្ថ ចាប់ប៉េអឹម ប្រើកាំភ្លើងបាញ់សត្វលេង

អាវុធហត្ថ ចាប់ប៉េអឹម ប្រើកាំភ្លើងបាញ់សត្វលេង

ខេត្តក្រចេះ ៖ បុរសជាមន្ត្រីប៉េអឹម (អាវុធហត្ថ) ម្នាក់ ដែលប្រើប្រាស់កាំភ្លើងខ្យល់ បាញ់សម្លាប់សត្វស្លាប (សត្វកុក) នៅចំណុចបឹងរំលាច ស្ថិតក្នុងភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ហើយត្រូវបានគេថតបង្ហោះ ក្នុងបណ្តាញសង្គម ធ្វើឲ្យមហាជនផ្ទុះការរិះគន់នោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

បុរសដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះ កង សុផាណារ័ត្ន ជាមន្ត្រីប៉េអឹមឋានន្តរស័ក្តិអនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឱ្យដឹងថា អនុវត្តតាមការដឹក នាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនមន្ត្រីប៉េអឹម ដែលប្រើប្រាស់កាំភ្លើងខ្យល់ បាញ់សម្លាប់សត្វកុក នោះ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ដោយឡែក រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ទៅលើបុគ្គលខាងលើនេះផងដែរ។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា «ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ករណីស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអ៊ីដែលមានអក្សរពីខាងក្រោយ  “អ.ហ” និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តម៉ាកតូយ៉ូតា កាមរី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វ ស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន ជ្រាបថា ហេតុការណ៍ខាងលើ បានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧និង៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែស្មៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គលបាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជអាវុធហត្ថស្រុកចិត្របុរី។ បច្ចុប្បន្នមន្ត្រីកងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់។

រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងសូមទទួលរាល់ព័ត៌មាននិងមតិស្ថាបនាពីសាធារណជន និងបណ្តាញផ្សព្វផ្សាយសង្គម»…៕

RELATED ARTICLES