ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងកាលពីថ្ងៃអង្គារថាលោកបានស្នើដល់រដ្ឋាភិបាលចិនដើម្បីបញ្ជូននាវាល្បាតក្នុងដែនសមុទ្រឲ្យមកជួយបញ្ឈប់សកម្មភាពចាប់ជំរិតក៏ដូចជាការវាយប្រហារមកលើនាវានៅតំបន់ភាគខាងត្បូងហ្វីលីពីនពីសំណាក់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ។
លោក Duterte បានថ្លែងថាលោកត្រូវការឲ្យរដ្ឋាភិបាលក្រុងប៉េកាំងរួសរាន់បញ្ជូនកងនាវាមួយដូចដែលខ្លួនធ្លាប់បានធ្វើកាលពីឆ្នាំ២០០៩ គឺខណៈពេលដែលចិនបានបញ្ជូនក្បួននាវាមួយកងទៅកាន់ឈូងសមុទ្រអាតែនដើម្បីការពារនាវាចិនពីក្រុមចោរសមុទ្រសូម៉ាលី ។
លោកបានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំថែមទាំងបានស្នើចិនឲ្យពួកគេអាចចេញល្បាតនៅដែនទឹកអន្តរជាតិដោយមិនចាំបាច់ចូលក្នុងដែនទឹករបស់បណ្តាប្រទេសដទៃឡើយ ។
មួយវិញទៀតខ្ញុំក៏បានលើកឡើងថាការនោះគ្រាន់តែជាការល្បាតដូចដែលចិនធ្លាប់ធ្វើក្នុងប្រទេសសូម៉ាលីតែប៉ុណ្ណោះ ។ រដ្ឋាភិបាលក្រុងម៉ានីលបានថ្លែងថាក្រុមសកម្មប្រយុទ្ធទាំងនោះកំពុងព្យាយាមបង្កើតនូវមជ្ឈមណ្ឌលសាសនាមួយដែលគាំទ្រដោយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងរាប់បញ្ចូលកោះ Mindanao ភាគខាងត្បូងហ្វីលីពីន ។
លោក Duterte បានធ្វើការអំពាវនាវស្វែងរកជំនួយពីចិនជាជាងពីសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តការពារហ្វីលីពីចាស់វស្សានិងសំខាន់បំផុតមួយផងនោះ។ ចាប់តាំងពីលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំទៅមក លោក Duterte បានឆ្លើយតបនឹងសហរដ្ឋអាមេរិកដែលរិះគន់ចំពោះការធ្វើសង្គ្រាមសម្លាប់មនុស្សរបស់លោកថាជាឧក្រិដ្ឋកម្មដោយការដកប្ញសកែវដ៏សំខាន់ចេញពីសហរដ្ឋអាមេរិកនិងបានងាកទៅជិតស្និទ្ធជាមួយចិនបើទុកជាប្រជាជាតិទាំងពីរកំពុងកើតមាននូវជម្លោះទឹកដីនិងគ្នាយ៉ាងណាក្តី ។
គួររំលឹកថា ពួកអាប៊ូសាយ៉ាស ស្ថិតក្នុងចំណោមក្រុមដែលរិះរកមធ្យោបាយបង្កើតមជ្ឈមណ្ឌលអ្នកកាន់សាសនាអ៊ីស្លាមមួយបានចាប់ផ្តើមចាប់ពង្រត់នាវាជាច្រើនគ្រឿងដែលស្ថិតក្នុងដែនទឹករវាងម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងហ្វីលីពីនកាលពីឆ្នាំទៅ ។ ខណៈដែលឥណ្ឌូណេស៊ីបានព្រមានថាតំបន់នេះអាចប្រែក្លាយជាសូម៉ាលីទី២ហើយក្រោយមកប្រជាជាតិទាំងបីបានប្តេជ្ញាស្រុះស្រួលគ្នាក្នុងការចេញល្បាតនៅតំបន់នោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា