Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំកូនឈឺទៅពេទ្យ ភ្លើងឆេះផ្ទះហ្មត់

នាំកូនឈឺទៅពេទ្យ ភ្លើងឆេះផ្ទះហ្មត់

ខេត្តសៀមរាប ៖ ផ្ទះរបស់ពលរដ្ឋ មួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះ បានចាក់សោចោល ជូនកូនទៅមន្ទីរពេទ្យ ដោយភ្លេចបិទបារ៉ែតភ្លើង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែង បានឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះ មានទំហំ៧ម៉ែត្រ គុណនឹង ១៨ម៉ែត្រ សង់ពីឈើ ប្រក់ដំបូលស័ង្កសី ជញ្ជាំងក្តារ មានម្ចាស់ឈ្មោះអឿន ភាព ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះយ៉ាត់ បូឡែន អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចាក់សោផ្ទះចោល រួចជូនកូនដែលមិនស្រួលខ្លួន ទៅមន្ទីរពេទ្យ ដោយពេលចាកចេញពីផ្ទះនោះ គាត់មិនបានបិទបារ៉ែតភ្លើងនោះទេ។ លុះបន្តិចក្រោយមក មានអ្នកជិតខាងបានទូរស័ព្ទប្រាប់ថា ផ្ទះរបស់គាត់ ត្រូវភ្លើងឆេះ ទើបគាត់ប្រញាប់ស្រូតដំណើរត្រឡប់មកផ្ទះវិញ លុះមកដល់ ក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះរបស់គាត់យ៉ាងសន្ធោសន្ធៅទៅហើយ និងមានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នាំគ្នាបាញ់ទឹកពន្លត់ដែរ តែមិនអាចស្រោចស្រង់បានឡើយ។

តាមការអះអាងពីម្ចាស់ផ្ទះខាងលើ គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ឆេះផ្ទះអស់ទាំងស្រុង ទូឈើ ចំនួន១ ឈើសាឡុង ចំនួន១ឈុត តុឈើ ចំនួន២ គ្រែឈើ ចំនួន១ កាតគ្រីរថយន្ត ចំនួន១សន្លឹក ប្លង់ដី អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត អីវ៉ាន់លក់ដូរ និងសម្ភារៈប្រើប្រាស់មួយចំនួន៕

RELATED ARTICLES