ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានប្រកាស ឱ្យដឹងថា សាលាដំបូងខេត្តកំពង់ចាម បានសម្រេចផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ ១៤ឆ្នាំ និងពិន័យជាប្រាក់ ចំនួន២០លានរៀល ពីបទល្មើសជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ចាម ស្តីពីការផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រឿងញៀន បានបញ្ជាក់ថា «អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម បានបើកសវនាការជំនុំជម្រះលើករណីពាក់ព័ន្ធនឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទម្ងន់សរុប ១៨៩,៥៨ក្រាម ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៧២ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
ពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះ បានពិនិត្យភ័ស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជាគ្រឿងញៀន ប្រភេទក្រាមម្សៅថ្លាមេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧៨,៦៣ភាគរយ ស្មើនឹង១៤៩,០៧ក្រាម នៃទម្ងន់ សរុប ស្ថិតក្នុងតារាងទី២ មាត្រា៥ ចំណាត់ថ្នាក់គ្រឿងញៀន ដូចមានចែងលម្អិតក្នុងតារាងឧបសម្ព័ន្ធ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជាសាធារណៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តាមសាលក្រមលេខ ៧៦ “ក” ចុះ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ១រូប គឺ ៖ ឈ្មោះឈុន ហុងលុយ ភេទប្រុស អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ កំណត់១៤ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ២០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម សូមបញ្ជាក់បន្ថែមផងដែរថា សាលាដំបូងខេត្តកំពង់ចាម នឹងមានវិធានការបន្តយ៉ាងតឹងរ៉ឹង ស្របតាមច្បាប់ ចំពោះពិរុទ្ធជនខាងលើ…»៕