ភ្នំពេញ ៖ ទីបំផុត ស្ត្រីជាអ្នកលក់ឡេអនឡាញម្នាក់ ដែលអះអាងថា មានបារមីព្រះនាងឥន្ទ្រទេវី ចូលសណ្ឋិត ព្រមទាំងឡាយវីដេអូ សម្តែងការរាំរែក ខុសពីការពិត បង្កឱ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរនោះ បានចូលខ្លួនសារភាពកំហុស និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សង្គមតទៅ ទៀតហើយ។

ស្ត្រីលក់ឡេ ដែលត្រូវសមត្ថកិច្ចកោះហៅមកធ្វើកិច្ចសន្យានោះ មានឈ្មោះអេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ EN Chariya និងកំពូល ម៉ូតូ។
យោងតាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ដោយមានការស្នើសុំកិច្ចអន្តរាគមន៍របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុក ឈ្មោះ EN Chariya និងកំពូល ម៉ូតូ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី វីរក្សត្រីសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម ៖
១- បានប្រើប្រាស់ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី ព្រះវីរក្សត្រី នាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
២- បានប្រើប្រាស់សម្លៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំ មាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឱ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះអេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈ ដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

ជាមួយនេះ សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការកិច្ចសន្យា៕
