Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បារីខុសច្បាប់ជិត១០០កេស ដុតកម្ទេចចោល

ចាប់បារីខុសច្បាប់ជិត១០០កេស ដុតកម្ទេចចោល

ខេត្តកណ្តាល ៖ មន្ត្រីសាខាគយនិងរដ្ឋាករ ដឹកនាំដោយលោកអន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការបង្ក្រាបបារីចម្រុះ ចំនួន៩៤កេស ស្មើនឹងទម្ងន់ ១៣២២គីឡូក្រាម ដឹកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបាន រួមមានមធ្យោបាយដឹកទំនិញល្មើស រថយន្ត ១គ្រឿង ប្រភេទ ១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-9476។ បន្ទាប់ពីធ្វើការឃាត់ទុកជាបណ្តោះអាសន្ន សាខាគយនិងរដ្ឋាករខេត្តកណ្តាល បានកសាង កំណត់ហេតុល្មើសច្បាប់គយ បញ្ជូនទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំសេចក្តីសម្រេចវិនិច្ឆ័យ ទើបនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ តំណាងម្ចាស់ទំនិញ ឈ្មោះអ៊ិន ពៅ បានចូលខ្លួនប្រគល់បារីខាងលើ ជូនសាខាគយនិងរដ្ឋាករខេត្តកណ្តាល ទុកជាសម្បត្តិរដ្ឋ ដោយបានអះអាងថា ម្ចាស់បារី គេមិនខ្វាយខ្វល់នឹងបារីដែលត្រូវចាប់ឃាត់ទុកនេះឡើយ។

របាយការណ៍ខាងលើ បញ្ជាក់បន្ថែមថា បារីដែលតំណាងម្ចាស់ ប្រគល់ឱ្យសាខាគយ ដឹកយកទៅដុតកម្ទេចចោលនោះ មាន៣ប្រភេទ រួមមាន ទី១-បារីម៉ាក ៥៥៥ ចំនួន៥៦កេស ស្មើនឹង៧៨៤គីឡូក្រាម ផលិតនៅប្រទេសអង់គ្លេស (ក្នុង១កេស ស្មើ៥០សុង ១សុង ស្មើ១០កញ្ចប់ ១កញ្ចប់ ស្មើ២០ដើម)។ ទី២-បារីម៉ាក CRAVEN DEMI ចំនួន៨កេស ស្មើនឹង ៨៨គីឡូក្រាម ផលិតនៅប្រទេសវៀតណាម និងទី៣-បារីម៉ាក DAVIDOFF ចំនួន៣០កេស ស្មើនឹង៤៥០គីឡូក្រាម ផលិតនៅប្រទេសអាល្លឺម៉ង់។

សូមបញ្ជាក់ថា ពិធីដុតកម្ទេចចោលបារីចម្រុះនេះ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងសមត្ថកិច្ច និងអាវុធហត្ថផងដែរ៕

RELATED ARTICLES