Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខែមករា បង្ក្រាបល្បែងស៊ីសង៥៣កន្លែង វ៉ៃខ្នោះ៧២នាក់

ខែមករា បង្ក្រាបល្បែងស៊ីសង៥៣កន្លែង វ៉ៃខ្នោះ៧២នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន៥៣ទីតាំង នៅរាជធានី-ខេត្តចំនួន១៥ និងបានឃាត់ខ្លួនមនុស្ស ចំនួន៧២នាក់ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ ចំនួន២៩ទីតាំង ដោយបញ្ជូនជន​សង្ស័យ​​លេងល្បែងស៊ីសង ចំនួន៧២នាក់ ទៅតុលាការ។ ក្នុងចំណោម២៩ទីតាំង មានល្បែងភ្នាល់តាមអ៊ីន​ធឺរណិត ជ្រកក្រោមអាជីវកម្ម ឬអាជ្ញាប័ណ្ណ ចំនួន១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ និងល្បែងស៊ីសងផ្សេងៗ តាមមូលដ្ឋានចំនួន២៨ទីតាំង ឃាត់ខ្លួនជនសង្ស័យ បានចំនួន៦៩នាក់។ ចំណែកការបង្ក្រាបទីតាំងចំនួន២៤ទៀត ឃាត់ខ្លួនមនុស្សបានចំនួន៤៩នាក់ យកមកអនុវត្តវិធានការរដ្ឋបាល ដោយការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនបញ្ជូនទៅតុលាការទេ។

អ្នកនាំពាក្យរង បន្តថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងចំណោមអាទិភាពការងារទាំង៦ ដែលលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការអនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ សមត្ថកិច្ចនគរបាលជាតិ ទាំងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍ននគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព នូវការបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕

RELATED ARTICLES