ខេត្តស្វាយរៀង ៖ សាច់បង្កក ចំនួន៤កុងទឺន័រ នាំចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ស្ទាក់បង្ក្រាបបាននៅតាមផ្លូវ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ តាមបញ្ជារបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង។លោកខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា ករណីឃាត់រថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ៤កុងតឺន័រនេះ បានធ្វើឡើងនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ នឹងមានវិធានការចាត់ការតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីនេះ លោក ដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ខេត្តស្វាយរៀង បានឆ្លើយយ៉ាងខ្លីថា លោកកំពុងធ្វើកិច្ចការងារនេះ។

ទោះបីជាយ៉ាងណា ប្រភពមួយចំនួន បានបង្ហើបឱ្យដឹងថា សាច់បង្កក ចំនួន៤កុងតឺន័រនេះ បាននាំពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកព្រំដែនខេត្តស្វាយរៀង ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕