ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រថយន្តដែលបំពាក់ភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌ បន្តចុះអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក បានឃាត់ និងណែនាំឱ្យដោះចេញដោយខ្លួនឯង។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានឱ្យដឹងទៀតថា ជាក់ស្តែងនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរ បាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់រថយន្តបំពាក់ភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន៣គ្រឿង ហើយសមត្ថកិច្ចបានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយខុសច្បាប់។

គួរបញ្ជាក់ថា ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់និងកែច្នៃភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕
