ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថយន្តយីឌុប ចំនួន០៤គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនលៀសចំណីសត្វ ចេញពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ចេញទៅប្រទេសវៀតណាម។

ប្រភពដដែល រាយការណ៍ថា រថយន្តយីឌុបដឹកលៀសចំណីសត្វ បានធ្វើសកម្មភាពលើកលៀសឡើង នៅក្បែរៗទីរួមស្រុកក្រគរ ដែលលៀសទាំងអស់នេះ គេដឹកមកពីបឹងទន្លេសាប តាមកាណូត យកមកមាត់កំពង់ដ ស្ថិតក្នុងភូមិ៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយមានរថយន្តចំណុះ ៥តោន ដឹកបន្តទៅលើកដាក់ឡើងលើរថយន្តដែលបានរៀបរាប់ខាងលើ រួចបន្តទៅប្រទេសវៀតណាម តាមច្រកទ្វារក្អមសំណ (កម្ពុជា-វៀតណាម)។

ប្រភពខាងលើ បញ្ជាក់ទៀតថា នេះជាករណីធ្ងន់ធ្ងរណាស់ ព្រោះប៉ះពាល់ដល់ធនធានជលផល (អេកូឡូស៊ី) ហើយក្រុមឈ្មួញដដែលៗ តែកន្លងមកគេសង្កេតឃើញមានសមត្ថកិច្ចចុះទប់ស្កាត់និងការបង្ក្រាបខ្លះៗដែរ ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ដូច្នេះក្រសួងកសិកម្ម គួរមានវិធានការហើយ៕
