Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រកាសទទួលធ្វើស្លាកលេខក្លែងក្លាយ ជាប់ខ្នោះ

 ប្រកាសទទួលធ្វើស្លាកលេខក្លែងក្លាយ ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរបស់ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ។

កិច្ចប្រតិបត្តិការនេះ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសៀមរាប រហូតឈានដលការឃាត់ខ្លួនជនសង្ស័យឈ្មោះសៅ ប៉ូឡូ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកទទួលធ្វើស្លាកលេខក្លែងក្លាយ និងក្លែងឯកសារសាធារណៈគ្រប់ប្រភេទ ក្នុងនោះរួមមាន ស្លាកលេខក្លែងក្លាយ ប័ណ្ណបើកបររថយន្ត ប័ណ្ណត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក) ប័ណ្ណស្នាក់នៅអន្តោប្រវេសន៍ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនគរបាលជាតិ៘

ជនសង្ស័យខាងលើ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ សូមមេត្តាឈប់បញ្ជាទិញនិងបំពាក់នូវរាល់ស្លាកលេខយានយន្តក្លែងក្លាយ ព្រមទាំងឈប់ប្រើប្រាស់រាល់ឯកសារយានយន្តក្លែងក្លាយគ្រប់ប្រភេទ ដែលផ្ទុយនឹងច្បាប់។ ជាពិសេស សូមសាធារណជន ទាំងអស់ ឈប់ជឿលើការបង្ហោះផ្សព្វផ្សាយអំពីការផ្តល់សេវារៀបចំឯកសារយានយន្តគ្រប់ប្រភេទ ចៀសវាងការចាញ់បោកគេ និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈទាំងឡាយដែលនៅតាមទីតាំងនានាដែលទទួលស្គាល់ដោយច្បាប់៕

RELATED ARTICLES