ភ្នំពេញ ៖ មន្ត្រីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ សហការជាមួយគណៈកម្មការផ្សារសិន ជូរី ផ្លាហ្សា បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យនិងយកសំណាកគំរូជាក់ស្តែង បានចំនួន៣៤មុខ ក្នុងនោះមន្ត្រីជំនាញ បានរកឃើញផលិតផលប្រហិតសាច់ត្រីឆៅ មានសារធារធាតុគីមីហាមឃាត់ បូរ៉ាក់ ចំនួន៧,៥គីឡូក្រាម និងត្រូវបានដកហូត ដើម្បីចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ស្តីពីការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ និងគណៈកម្មធិការផ្សារសិនជូរី ផ្លាហ្សា ដោយបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូជាក់ស្តែង បានចំនួន៣៤ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ប្រហិតត្រី សាច់ មើមខ្ទឹមស សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍។ ជាលទ្ធផល បានរកឃើញផលិតផលប្រហិតសាច់ត្រីឆៅ មានសារធាតុគីមីហាមឃាត់ បូរ៉ាក់ ចំនួន៧,៥គីឡូក្រាម ត្រូវបានដកហូតតាមនីតិវិធី។

លោកគង់ វុទ្ធី និង លោកញ៉ែម សុគាន់ អនុប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ បានពន្យល់ អប់រំណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់សិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែម នូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស ទៅលើផលិតផលម្ហូបអាហារ នាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់អាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកដាច់ ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងម្ហូបអាហារ ការដាក់តាំងលក់ផលិតផលភេសជ្ជៈត្រូវកម្តៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារដែលមិនមានអនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះ គេឃើញបងប្អូនប្រជាពលរដ្ឋ អាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរនិងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថ កិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមក ដែលអាចប៉ះពាល់ជាយថាហេតុ ដល់សុខភាពប្រជាពលរដ្ឋ៕



