ភ្នំពេញ ៖ បុរសចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយយោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីក្លែងបន្លំនិងប្រើប្រាស់ឯកសារក្លែង។
ការឃាត់ខ្លួនជនត្រូវចោទទាំង២នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយម្នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវ១៣០ កែង១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិ៍សែនជ័យ ចំណែកម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅចំណុចតាមបណ្តោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ជនត្រូវចោទទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ា ចិន្តា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររកស៊ី មានលំនៅ ផ្ទះគ្មានលេខ ភូមិកំរាម សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងទី២-ឈ្មោះហាក់ កុសល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររកស៊ី មានលំនៅ ផ្ទះជួលគ្មានលេខ ផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយផែនការងារសន្តិសុខ បានស្រាវជ្រាវនាំខ្លួនជនត្រូវចោទ ចំនួន២នាក់ ជាបន្តបន្ទាប់ តាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ១៧២ ដ.ច.ន និងលេខ១៧៣ ដ.ច.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចេញដោយលោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេង សោភា បានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ត្រូវបានឃាត់ខ្លួនពីបទក្លែងបន្លំនិងប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕