Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរចុះរុះរើសំណង់របងថ្ម រំលោភដីតំបន់អភិវឌ្ឍន៍

អាជ្ញាធរចុះរុះរើសំណង់របងថ្ម រំលោភដីតំបន់អភិវឌ្ឍន៍

ភ្នំពេញ ៖ ក្រុមការងារចម្រុះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់របងថ្ម និងសម្ភារៈផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានសាងសង់រំលោភចូលដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ ដើម្បីធ្វើការរៀបចំអភិវឌ្ឍន៍ ទៅតាមប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិ សាស្ត្រខណ្ឌឫស្សីកែវ។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា ដោយអនុវត្តស្មារតីលិខិតលេខ ១៩០/២៣ លស.អ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចម្រុះ រដ្ឋបាលខណ្ឌ ដឹកនាំដោយលោក លឹម សាម៉ឺឌី នាយករដ្ឋបាលសាលាខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់របងថ្ម និងសម្ភារៈផ្សេងៗរបស់ឈ្មោះឡាយ ប៊ុនសៀង ម្ចាស់ក្បាលដី ដែលបានគ្រប់គ្រងចូលដីតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ជាដីរបស់រដ្ឋ ដើម្បីធ្វើការ រៀបចំអភិវឌ្ឍន៍ទៅតាមប្លង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសដើម្បីផ្តល់ដីជូនប្រជាពល រដ្ឋដែលទទួលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើង ។

ប្រភពដដែល បន្តថា កន្លងមក រដ្ឋបាលខណ្ឌ បានជូនដំណឹងដល់លោកឡាយ ប៊ុនសៀង ចំនួន៣លើក ជូន ដំណឹងអំពីការចុះអនុវត្តវិធានការរដ្ឋបាល រុះរើចំនួន ១លើក (ក្រុមការងារបានប្រគល់ជូនដល់ដៃ) ហើយរដ្ឋបាលខណ្ឌ ក៏បានស្នើសុំកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងស្នើសុំការចូលរួមពីព្រះរាជអាជ្ញាផង ក្នុងការអនុវត្តវិធានការរដ្ឋបាលខាងលើនេះ។

ការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវបានអនុវត្តដោយរលូន និងជោគជ័យ ពុំមានបាតុភាពអ្វីគួរគត់សម្គាល់ទេ ដោយឈ្មោះឡាយ ប៊ុនសៀង ម្ចាស់ទីតាំង បានចូលថតវីឌីអូសកម្មភាព និងស្នើសុំឯកសារពាក់ព័ន្ធពីក្រុមការងារ ពុំមានសកម្មភាពអ្វីតបត ឬរារាំងក្រុមការងារឡើយ៕

RELATED ARTICLES