Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពុលទឹកត្នោត ដេកពេទ្យ២៤នាក់ 

 ពុលទឹកត្នោត ដេកពេទ្យ២៤នាក់ 

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ ជាង២០នាក់ ក្រោយពីទិញទឹកត្នោតផ្អែម ដែលគេដឹកតាមម៉ូតូដើរលក់ យកមកទទួលទានរួចមក ក៏ស្រាប់តែកើតមានអាការ ខ្សោយអស់កម្លាំង ទន់ដៃជើង ចុកពោះ ក្អួត រាក ឈឺក្បាលព្រឺរងា ជាបន្តបន្ទាប់ សង្ស័យពុលទឹកត្នោត និងត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍សង្ស័យពុលទឹកត្នោតនេះ បានកើតឡើង ចន្លោះពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអម្ពិល។

លោកអនុសេនីយ៍ឯក ហ៊ាន គិត នាយប៉ុស្តិ៍រដ្ឋបាលឃុំគោកមន បានឱ្យដឹងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ថា នៅក្នុងភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអម្ពិល ពិតជាមានករណីប្រជាពលរដ្ធចំនួន២៤នាក់ ទិញទឹកត្នោតផ្អែមហូប ហើយសង្ស័យពុល ប្រាកដមែន ដោយម្នាក់ៗកើតមានអាការរាក ក្អួត ចុកពោះ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពគោកមន ខ្លះទៀតយកទៅព្យាបាលនៅគ្លីនិកឯកជន ហើយមួយផ្នែកទៀតដែលមានអាការធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ជុំវិញករណីសង្ស័យពុលទឹកត្នោតនេះ លោកអ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានឱ្ យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ចំនួន៤នាក់ ចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយប្រាប់ថា ពួកគាត់ហូបទឹកត្នោតផ្អែម ហើយក៏កើតមានអាការ រាកក្អួត ចុកពោះ។ ចំពោះការពិនិត្យមើលជាក់ស្តែង ក៏មិនអាចទាន់ហ៊ានសន្និដ្ឋានថា បណ្តាលមកពីពុលដោយសារទឹកត្នោតផ្អែមនោះដែរ គ្រាន់តែពិនិត្យឃើញជាក់ស្តែង អ្នកជំងឺមានអាការចុកពោះក្អួត រាក ឈឺក្បាល វិលមុខតែប៉ុណ្ណោះ។

ក្រោយកើតមានករណីខាងលើ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញផ្នែកសុខាភិបាល ចុះទៅដល់កន្លែងទីតាំងដែលប្រជាពលរដ្ឋលក់ទឹកត្នោតផ្អែម ស្ថិតនៅស្រុកបន្ទាយអម្ពិល រួចរាល់អស់ហើយ តែពុំទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយ ហេតុនេះពុំទាន់មានការសន្និដ្ឋានថាយ៉ាងណាឱ្យច្បាស់នៅឡើយទេ។ ដោយឡែកអ្នកជំងឺដែលសម្រាលព្យាបាលនៅតាមមណ្ឌលសុខភាព បានធូរស្រាល និងត្រឡប់ទៅផ្ទះវិញអស់មួយចំនួនហើយ។ ចំណែកមួយចំនួនទៀតនៅសម្រាកព្យាបាលបន្តទៀតសិន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអម្ពិល មួយចំនួន បាននាំគ្នាទិញទឹកត្នោតផ្អែម ដែលគេដើរលក់នៅតាមភូមិ ក្នុងមួយដបទឹកសុទ្ធ កន្លះ លីត្រ ស្មើនឹងតម្លៃ ១ពាន់រៀល យកទៅចែកគ្នាហូប  លុះក្រោយមក នៅពេលយប់ ក៏កើតមានអាការមិនស្រួល ទើបប្រញាប់នាំគ្នាទៅកាន់មន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះភ្លាមៗ។

ជាក់ស្តែង គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ អ្នកជំងឺដែលបានធូរស្រាលបន្តិចហើយ តែនៅស្ថិតនៅក្នុងការដាក់សេរ៉ូម តាមដានអាការជំងឺរបស់គ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់នៅឡើយទាល់តែស្ថានភាពធូរស្រាល បអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅកាន់លំនៅឋានវិញ៕

RELATED ARTICLES