Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រថភ្លើងបុកឡានដឹកដីក្រឡាប់ តៃកុងរបួសធ្ងន់

 រថភ្លើងបុកឡានដឹកដីក្រឡាប់ តៃកុងរបួសធ្ងន់

ខេត្តបាត់ដំបង ៖ រថយន្តដឹកដី ១គ្រឿង បើកបរឆ្លងផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន គាប់ជួនមានរថភ្លើង ១ខ្សែ មកដល់ ក៏ជ្រុលបុកពេញទំហឹង បណ្តាលឱ្យរថយន្តដឹកដីក្រឡាប់ផ្ងារជើង ចំណែកតៃកុងរថយន្ត បានរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តដឹកដីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណជាង ៣រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។

បុរសរងគ្រោះ មានឈ្មោះដុង ឧត្តម ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរបើករថយន្តដឹកដី មានលំនៅក្នុងភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ។ ចំណែកអ្នកបើកបររថភ្លើង នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទដឹកដី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ BB-0311 បើកបរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ មានរថភ្លើង ១ខ្សែ ធ្វើដំណើរក្នុងទិសដៅពីជើង ទៅ ត្បូង បានមកដល់ល្មម ទើបជ្រុលបុកពេញទំហឹង និងរុញរថយន្តដឹកដី ងក្រឡាប់កៀនផ្លូវរថភ្លើង និងបណ្តាលឱ្យបុរសជាអ្នកបើកបររថយន្តដឹកដី រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាតាមនីតិវិធី៕

RELATED ARTICLES