Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្នំពេញ ចាប់ពិន័យអ្នកស្រវឹងបើកបរ ៧ថ្ងៃ ជាង៣០០នាក់

ភ្នំពេញ ចាប់ពិន័យអ្នកស្រវឹងបើកបរ ៧ថ្ងៃ ជាង៣០០នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិត ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ សមត្ថកិច្ចបានរកឃើញអ្នកបើកបរយានយន្តស្ថិតក្រោមស្ថានភាពស្រវឹង ចំនួន៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ និងបានអនុវត្តផាកពិន័យតាមវិធានការច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ការអនុវត្តប្រកបដោយប្រសិទ្ធភាព ហ្មត់ចត់ ម៉ឺងម៉ាត់តាមគោលការច្បាប់ និងវិធានការជំនាញ។ ការអនុវត្តរយៈពេល៧ថ្ងៃនេះ មានប្រជាពលរដ្ឋមួយចំនួន នៅតែបន្តបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែអ្វីដែលគួរឱ្យកក់សម្គាល់ មានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកទទួលទានគ្រឿងស្រវឹង អត់ពាក់មួកសុវត្ថិភាព ក៏មានការថយចុះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការអនុវត្តនៅពេលយប់ ការត្រួតពិនិត្យជាតិអាល់កុល ក្នុងរយៈ ៧ថ្ងៃ កម្លាំងសមត្ថកិច្ចបានរកឃើញអ្នកបើកបររថយន្ត និងម៉ូតូ ដែលស្ថិតក្រោមជាតិស្រវឹង មានចំនួនសរុប ៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ ត្រូវបានអនុវត្តផាកពិន័យតាមវិធានការច្បាប់ និងបានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងពិចារណាអនុវត្តតាមនីតិវិធី។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញ រយៈពេល ៧ថ្ងៃនេះដែរ បើប្រៀបធៀប ៧ថ្ងៃដូចគ្នា មុនយុទ្ធនាការ និងក្រោយយុទ្ធនាការ សមត្ថកិច្ចបានកក់សម្គាល់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ មករា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៤លើក ស្លាប់ចំនួន៤នាក់ ដោយឡែករយៈពេល៧ថ្ងៃ មុនការអនុវត្តរឹតបន្តឹងច្បាប់ចរា ចរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១៨លើក ស្លាប់ចំនួន៩នាក់ ដូច្នេះអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ចំនួន៤លើក ថយមកស្លាប់ចំនួន ៥នាក់ ចំណែកអ្នករងរបួសធ្ងន់-ស្រាល ក៏ថយចុះដូចគ្នាផងដែរ។

អ្នកនាំពាក្យដដែល បន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នេះ គឺទទួលបាននូវប្រសិទ្ធភាព អត្រាគ្រោះថ្នាក់ចរាចណ៍ មានការថយចុះ ហើប្រជាពលរដ្ឋកាន់តែច្រើន បានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះវិធានការបន្ទាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ នៅតែបន្តរឹតបន្តឹងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសរឹតបន្តឹងការអនុវត្តអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕

RELATED ARTICLES