Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតកម្ទេចសាច់បង្កក ៤កុងតឺន័រ ឈ្នួញនាំចូលពីយួន

ដុតកម្ទេចសាច់បង្កក ៤កុងតឺន័រ ឈ្នួញនាំចូលពីយួន

ខេត្តស្វាយរៀង ៖ សាច់បង្កក ចំនួន៤កុងតឺន័រ ដែលមានទម្ងន់សរុប ចំនួន១០២តោន៦០០គីឡូក្រាម ដែលឈ្មួញដឹកពីប្រទេសវៀតណាម ឆ្លងដែនចូលមករដ្ឋបាលខេត្តស្វាយរៀង បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចដុតបំផ្លាញចោល កាលវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ កុម្ភៈ ២០២៤ នៅចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមប្រភពមន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង បានឱ្យដឹងថា សាច់បង្កក ប្រភេទជើងមាន់ ដែលសមត្ថកិច្ចបង្ក្រាបបាន ចំនួន៤រថយន្តកុងតឺន័រ នេះស្មើ១០២ ៦០០គីឡូក្រាម (១០២តោន៦០០គីឡូក្រាម) ត្រូវយកមកទម្លាក់នៅទីលានចាក់សំរាម ដើម្បីធ្វើពិធីដុតកម្ទេចចោល។

ប្រភពបង្ហើបឱ្យដឹងថា សាច់បង្កក ៤រថយន្តកុងតឺន័រនេះ ដឹកពីប្រទេសវៀតណាម ចូលមកតាមក្រុងបាវិត ដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នសមត្ថកិច្ចជំនាញ ហើយជាពិសេសក្រោយពីពិនិត្យគុណភាព គឺឃើញថា ការដាក់ក្នុងទូបង្កក សីតណ្ហភាពមិនគ្រប់តាមស្តង់ដារ ១២អង្សាសេទេ ហើយរយៈពេល៣ថ្ងៃ មិនឃើញម្ចាស់ក្រុមហ៊ុននាំសាច់បង្កកណាម្នាក់ ចូលមកដោះស្រាយឡើយ ទើបក្រុមការងារសម្រេចដុតកម្ទេចចោលតែម្តង។

គួរបញ្ជាក់ថា សមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានស្ទាក់ឃាត់រថយន្តកុងតឺន័រ ចំនួន៤គ្រឿង ដែលសង្ស័យដឹកបទល្មើស កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

សមត្ថកិច្ចបានបង្ហើបថា មុនឈានដល់ការឃាត់រថយន្តកុងតឺន័រខាងលើ មានគេរាយការណ៍ថា មានរថយន្តកុងតឺន័រដឹកសាច់បង្កក ចំនួន ៤កុងតឺន័រ បានធ្វើចរាចរណ៍ចេញពីក្រុងបាវិតតាមផ្លូវជាតិលេខ១ មកដល់ចំណុចផ្លូវបំបែកជាបួន ភូមិបាក់រនាស់ ក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះ ទៅទិសខាងជើង លើកំណាត់ផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចឃាត់ពិនិត្យ ឃើញថារថយន្តកុងតឺន័រ ទាំង៤គ្រឿង ដឹកសាច់បង្កកប្រាកដមែន។

ប្រភពបន្តទៀតថា ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តទាំង ៤គ្រឿងនោះ ដោយមានការសម្របសម្រួលពីឯកឧត្តម ខាំ សុផារី ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានកាត់ស៊ីលបើកទូកុងតឺន័រ ពិនិត្យបានរកឃើញជើងមាន់បង្កក ជាច្រើនពាន់កេស ក្នុងទូកុងតឺន័រ។

ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះផាត ជាតិ បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3E-7413។ ទី២-ឈ្មោះមុំ សូត្រ បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ 3F-0648។ ទី៣-ឈ្មោះសោម រិទ្ធី បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3F-9610 និងទី៤-ឈ្មោះសេង សុវណ្ណដេត បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-6322។

តាមចម្លើយសារភាព អ្នកបើកបររថយន្តកុងតឺន័រខាងលើ បានបញ្ជាក់ប្រាប់ថា ទំនិញសាច់បង្កកទាំងអស់នេះ គឺបាននាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចសូន្យ នៃច្រកទ្វាព្រំដែនអន្តរជាតិ ក្រុងបាវិត រួចហើយបានផ្ទេរទូរកុងតឺន័រ នៅចំណុចសូន្យ មកកម្ពុជា តាមមាត់ច្រកទ្វារព្រំដែនអន្តជាតិ បាវិត ហើយដឹកទៅមាត់ច្រកទ្វារតំបន់ព្រំដែន ដូង ស្រុករមាសហែក  ហើយទំនិញទាំងអស់នេះ គឺជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។

លោកហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សាលាខេត្តស្វាយរៀង បានឱ្យដឹងថា នៅវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប និងមន្ត្រីពាក់ព័ន្ធ បានកាត់ស៊ីលកុងតឺន័រទាំង ៤គ្រឿងមកត្រួតពិនិត្យ ជាលទ្ធផល ១-កុងតឺន័រលេខ SZLU9430540(40) មានសីតុណ្ហភាព-៥អង្សាសេ (ធៀបនឹងស្តង់ដា -១២អង្សាសេ)។ ២-កុងតឺន័រលេខ SZLU9415762 (40) មានសីតុណ្ហភាព -២,៩អង្សាសេ (ធៀបនឹងស្តង់ដា -១២អង្សាសេ)។ ៣-កុងតឺន័រលេខ HMMU5490786(40) មានសីតុណ្ហភាព -៦,៤អង្សាសេ (ធៀបនឹងស្តង់ដា -១២អង្សាសេ) និង៤-កុងតឺន័រលេខ HDMU5591398(40) មានសីតុណ្ហភាព -២,៥អង្សាសេ (ធៀបនឹងស្តង់ដា -១២អង្សាសេ)។

ប្រភព បន្តថា ក្រោយពីបានធ្វើការពិសោធន៍ដោយរថយន្តចល័តម្ហូបអាហារ របស់ កបប ជាលទ្ធផលសំណាកជើងមាន់ ដែលបានដកចេញពីទូកុងតឺន័រទាំង៤ នេះ ឃើញថាពុំមានសារធាតុគីមីហាមឃាត់ FORMALIN ទេ ។

ពាក់ព័ន្ធនឹងករណីនេះលោកហៀង ដារ៉ា ប្រធាន ក.ប.ប ខេត្តស្វាយរៀង បានបញ្ជាក់ថា សាច់បង្កក (ជើងមាន់) ចំនួនជាង ១០២តោននេះ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំណែកតៃកុងរថយន្ត៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងរថយន្តបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង៕

RELATED ARTICLES