Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបសំបុកគ្រឿងញៀន ចាប់បាន៩នាក់

បង្ក្រាបសំបុកគ្រឿងញៀន ចាប់បាន៩នាក់

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ ១ក្រុម កំពុងប្រមូលផ្តុំគ្នាជក់ថ្នាំញៀន និងទិញថ្នាំញៀន នៅចំណុចរោងចម្ការស្វាយចន្ទី មួយកន្លែង របស់មេខ្លាងជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនបានចំនួន៩នាក់ ចំណែកជនសង្ស័យជាមេខ្លោង ដឹងខ្លួនទាន់ បានរត់គេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង១៩នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចរោងចម្ការស្វាយចន្ទី ១កន្លែង ស្ថិតនៅក្រោយផ្ទះរបស់ឈ្មោះពេញ ធាពី ហៅហើម (មេខ្លោងជួញដូរគ្រឿងញៀន) ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា កម្លាំងជំនាញបានធ្វើការចុះបង្គ្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះពេញ ធាពី ហៅហើម ដែលជាមេខ្លោង បានរត់គេចខ្លួនបាត់ ពេលកំពុងប្រតិបត្តិការ។ បន្ទាប់មកសមត្ថកិច្ច ចាប់បានអ្នក ប្រើប្រាស់គ្រឿងញៀន ដែលមកទិញគ្រឿនញៀនពីឈ្មោះពេញ ធាពី  នៅចំណុចចម្ការស្វាយចន្ទី ក្រោយផ្ទះជនសង្ស័យ សរុបចំនួន៩នាក់ (ស្រី១) ក្នុងនោះ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ៥២ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២២ របស់សាលាដំបូងខេត្តមណ្ឌលគិរី។

ក្រៅពីឃាត់ខ្លួនមនុស្សចំនួន៩នាក់ សមត្ថកិច្ចបានឆែកឆេរចាប់យកសម្ភារៈវត្ថុតាង រួមមាន ១-ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ទម្ងន់០,៧២ក្រាម។ ២-ម៉ូតូ ចំនួន៦គ្រឿង។ ៣-ទូរស័ព្ទដៃ ចំនួន៥គ្រឿង។

ក្នុងចំណោមជនសង្ស័យ៩នាក់ មានម្នាក់ស្ថិតក្នុងវ័យជាអនីតិជន និងត្រូវបានកម្លាំងជំនាញធ្វើការអប់រំ រួចធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។ 

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES