សុីលី៖ កាសែតក្នុងស្រុក El Mercurio ឲ្យដឹងថាប្រទេសស៊ីលីបានប្រកាសខ្លួននឹងចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ប៉ុន្តែស៊ីលីនៅតែស្វែងរកការពង្រីកពាណិជ្ជកម្មជាមួយនិងបណ្តាប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដដែល ។
រដ្ឋមន្ត្រីការបរទេសស៊ីលីលោក Heraldo Munoz
រដ្ឋមន្ត្រីការបរទេសស៊ីលីលោក Heraldo Munoz បានចេញសេចក្តីប្រកាសព័ត៌មានបែបនេះ កាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តផ្ទុយពីអ្នកជំនាន់មុនចំពោះតួនាទីរបស់អាមេរិកក្នុងកិច្ចព្រមព្រៀង TPP ដោយធ្វើការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ។
តាមការស្រង់សម្តីរបស់ប្រមុខការទូតស៊ីលីរូបនេះឲ្យដឹងថា TPP ដូចដែលយើងធ្លាប់បានស្គាល់នោះគឺមិនយូរទេនឹងមានការចូលតុចរចាជាមិនខាន ។ ជាក់ស្តែងគឺវាពុំមានឱកាសក្នុងការបញ្ជូននូវគម្រោងមួយទៅកាន់សភាដើម្បីសុំការអនុម័តដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិកឡើយ ដោយសារតែនេះគឺស្ថិតក្នុងចំណោមខឬលក្ខខណ្ឌដែលបានចងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។
ដំណាក់កាលនៃការចរចារបស់ TPP បានសន្និដ្ឋានរួចមកហើយ ប៉ុន្តែនៅតែមិនទាន់ដាច់ស្រេចនៅក្នុងការអនុម័តពីសភារបស់ប្រទេសនីមួយៗ ។
ទោះជាយ៉ាងណា ស៊ីលីនឹងបន្តស្វែងរកការបើកទ្វារដោះដូរពាណិជ្ជកម្មឲ្យកាន់តែប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលក្នុងនោះភាគច្រើនជាផ្នែកចំណែកមួយនៅក្នុងការចរចារបស់ TPP ។
លោករដ្ឋមន្ត្រីការបរទេសបានថ្លែងថាស៊ីលីកំពុងអញ្ជីញរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមានចិន កូរ៉េខាងត្បូង ដើម្បីជួបពិភាក្សានៅក្នុងខែមីនាខាងមុខនេះនៅរីសតឆ្នេរសមុទ្រប៉ាស៊ីហ្វិក Vina del Mar ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា