Saturday, July 27, 2024
Homeព័ត៌មានជាតិចោទចោរលួចសន្លឹកឆ្នោត បក្សកាន់អំណាចថា មិនមែនជាសិទ្ធិបញ្ចេញមតិ

ចោទចោរលួចសន្លឹកឆ្នោត បក្សកាន់អំណាចថា មិនមែនជាសិទ្ធិបញ្ចេញមតិ

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការដែលពួកប្រឆាំង និយាយឲ្យចំ គឺលោកសុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ចោទថាគណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោត មិនមែនជាសិទ្ធិបញ្ចេញមតិ តែជាការបរិហារកេរ្តិ៍ ដែលចាំបាច់ត្រូវតែប្ដឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ ព្រោះបើមិនប្ដឹងទេ គេនៅតែចោទចោរលួចសន្លឹកឆ្នោត បែបនេះរហូត ។ ដូច្នេះគណបក្ស នៅរក្សាជំហរ ក្នុងការប្ដឹងលោកសុន ឆ័យ ទាមទារសំណងជំងឺចិត្ត ៤០០០លានរៀល (ប្រមាណ ១លានដុល្លារ) និងប្ដឹងលោកស៊ឹង សែនករុណា មន្រ្តីសិទ្ធិមនុស្សអាដហុក ដែលនិយាយជាន់ដានលោកសុន ឆ័យ ក្នុងចេតនាបំភ្លៃផ្ទុយពីការពិតនោះ ទាមទារសំណងជំងឺចិត្ត ២០០០លានរៀល (ប្រមាណ ៥០ម៉ឺនដុល្លារ) ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម “យុវជន៧មករា“ ស្ដីពីពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ៖

១- មានតែជនល្មើសច្បាប់ និងជនអនាធិបតេយ្យទេ ដែលជាសត្រូវនឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ = រាជរដ្ឋាភិបាល និងសមត្ថកិច្ច ត្រូវការអនុវត្តច្បាប់ ក្នុងការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។

២- ពួកប្រឆាំង យីអ៊ុនដាក់អារក្សជាន់លើជាន់ = អស់ពីសុន ឆ័យ ឥឡូវថែមលើស៊ឹង សែនករុណា ទៀត។

៣- ស៊ឹង សែនករុណា ថាខ្លួនជំនាញខាងសិទ្ធិមនុស្ស = ឥឡូវត្រូវសិទ្ធិមនុស្សគាបហើយ?

៤- ជនគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ = តែការបញ្ចេញមតិ មិនត្រូវឲ្យប៉ះពាល់សិទ្ធិអ្នកដទៃឡើយ។

៥- សម្ដីសុន ឆ័យ គឺជាការរំលោភសិទ្ធិសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា = ដើម្បីយុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់ខ្លួន គណបក្សប្រជាជនកម្ពុជា ត្រូវដោះស្រាយតាមផ្លូវច្បាប់?

៦- បើគណបក្សប្រជាជនកម្ពុជា មិនប្តឹងទៅតុលាកាទេ = គណបក្សប្រជាជនកម្ពុជា នៅតែជាចោរលួចសន្លឹកឆ្នោតរហូត?

៧- ការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត = មិនមែនជាសិទ្ធិបញ្ចេញមតិទេ។

៨- ការប្តឹងសុន ឆ័យ ទៅតុលាការ គឺជាការដោះស្រាយតាមផ្លូវតុលាការ = នេះគឺជាការពង្រឹងប្រជាធិបតេយ្យនិងនីតិរដ្ឋ នៅកម្ពុជា?

៩- នយោបាយបក្សប្រឆាំង ចាត់ទុកគណបក្សប្រជាជនកម្ពុជា ខ្មាំងសត្រូវ = គណបក្សប្រជាជនកម្ពុជា ជូនតាមសំណើ ហើយគណបក្សប្រជាជនកម្ពុជា ជាជើងក្រោយទេ។

១០- ការប្តឹងទៅតុលាការ គឺជារកយុត្តិធម៌តាមច្បាប់ = នេះជាជម្រើសដ៏សមស្របនៅក្នុងសង្គមប្រជាធិបតេយ្យ?…។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ បានបញ្ជាក់ហើយ រាជរដ្ឋាភិបាល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បើកទូលាយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែមិនត្រូវឆ្លៀតយកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទៅលើអ្នកដទៃ ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃទេ។ ដូច្នេះការដែលមានមតិចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត ដូចចោរលួចគោ លួចក្របី គឺមិនអាចទទួលយកបានទេ គឺត្រូវតែដាក់ពាក្យបណ្ដឹងទៅតុលាការ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ខ្លឹមសារដូចមានគ្រប់គ្រាន់ហើយ យើងយល់ថា ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ មានតម្លាភាព អត់មានអំពើហិង្សា ហើយសុន ឆ័យ បានទទួលយកនូវអាសនៈ ជាង២ពាន់របស់ខ្លួន តែបដិសេធលទ្ធផលបោះឆ្នោត ព្រមទាំងចោទប្រកាន់មកលើគណបក្សប្រជាជន ថាជាចោរលួចសន្លឹកឆ្នោត ប្រៀបដូចចោរលួចគោ លួចក្របី អានេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ ។ ក្នុងមាត្រា៤១ បានបញ្ជាក់ហើយ រាជរដ្ឋាភិបាល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បើកទូលាយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែមិនត្រូវឆ្លៀតយកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពទៅលើអ្នកដទៃ ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃទេ អាហ្នឹងគេហាម“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អ៊ីចឹងទេ ការដែលមានមតិចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើគណបក្សប្រជាជន ថាជាចោរលួចសន្លឹកឆ្នោត ដូចចោរលួចគោ លួចក្របីនេះ គឺថាមិនអាចទទួលយកបានទេ មហាជន ប្រជាជនទូទៅ ក៏មិនអាចទទួលយកបានដែរ នៅលើការចោទប្រកាន់យ៉ាងអយុត្តិធម៌យ៉ាងដូច្នេះ ។ ដូច្នេះហើយ ការប្ដឹងទៅតុលាការ គឺជាជម្រើសតែមួយគត់ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយដែលប្រកាន់នូវគោលការណ៍នីតិរដ្ឋ ។ អ៊ីចឹងទេ យើងពង្រឹងនីតិរដ្ឋ បានយើងប្ដឹងទៅតុលាការ បើយើងមិនពង្រឹងនីតិរដ្ឋទេ យើងមានតែផ្លូវមួយទេ គឺយើងប្រើអាជ្ញា គឺថាប្រើដំបង គល់ឫស្សីតែម្ដង  ក៏ប៉ុន្តែអានេះវាខុសគោលការណ៍សិទ្ធិមនុស្ស ។ អ៊ីចឹងទេ ក្នុងនាមយើងដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលតម្រូវឲ្យយើងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ចាំបាច់ត្រូវតែរកតុលាការដែលជាអាជ្ញាកណ្ដាល អព្យាក្រឹត និងឯករាជ្យ ដើម្បីដោះស្រាយការដែលចោទប្រកាន់ ឬមួយការដែលយើងប្ដឹងទៅបុគ្គលណា ឬគណបក្សណាដែលប្រមាថមើលងាយលើគណបក្សប្រជាជន ដែលចោទប្រកាន់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ វាមិនមែនជាសិទ្ធិបញ្ចេញមតិ តែវាជាការលាបពណ៌ ជាការធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ហើយវាប៉ះពាល់ទៅដល់កិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេស ជាង៨០% គាំទ្រឲ្យកាន់អំណាច ដើម្បីដឹកនាំប្រទេសជាតិ ។ ក្នុងន័យនេះដែរ ការដែលថា ពូកប្រឆាំងកំពុងយីអ៊ុនដាក់ អារក្សជាន់ អស់ពីសុន ឆ័យ ឥឡូវដល់ស៊ឹង សែនករុណា គឺអាហ្នឹងវាជាការបន្តបន្ទាប់ហើយ បុគ្គលឬមួយក៏អង្គការចាត់តាំងនយោបាយណាដែលវ៉ៃប្រហារមកលើគណបក្សប្រជាជន ដោយអយុត្តិធម៌ គ្មានមូលដ្ឋានច្បាស់លាស់ទេ គឺថាយើងមិនអាចទទួលយកបាន ហើយដើម្បីការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់យើង ចាំបាច់ត្រូវតែប្ដឹងទៅតុលាការ ដែលជាអង្គការអព្យាក្រឹត ឯករាជ្យ ។ បានន័យថា ករណីសុន ឆ័យ និងស៊ឹង សែនករុណា វាចូលទៅក្នុងខ្លឹមសារដូចគ្នា ។ អ៊ីចឹងទេ យើងត្រូវតែចាត់វិធានការដូចគ្នា ។ ចំពោះថា បក្សប្រឆាំង ទុកគណបក្សប្រជាជនកម្ពុជា ជាខ្មាំងសត្រូវ គណបក្សប្រជាជន ជូនតាមសំណើ ហើយគណបក្ស ជាជើងក្រោយនោះ អាហ្នឹងព្រោះគេចង់បាន គេចង់ទទួលការចោទប្រកាន់ហ្នឹងហើយ បានជាហ៊ានរំលោភទៅលើកិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សហ្នឹង ។ អ៊ីចឹងទេ គឺថា បើគោលបំណងរបស់គេចង់បានហើយ យើងមានតែដើរតាមក្រោយទេ ។ អ៊ីចឹងបានខ្ញុំបញ្ជាក់ថា គណបក្សប្រជាជន គឺជាគណបក្សជើងក្រោយ ។ ជើងក្រោយហ្នឹង គឺដើរតាមអ្នកដែលបង្កើតបញ្ហា ហើយអ្នកឯងត្រូវទទួលបញ្ហា»  ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ចៅក្រមតុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ដែលតម្រូវឱ្យលោកសុន ឆ័យ កាលនោះជាអនុប្រធានគណបក្សភ្លើងទៀន បង់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សរុបចំនួនជាង ៤០០០លានរៀល (ប្រមាណ ១លានដុល្លារអាមេរិក)។ ស្ថាប័នទាំងពីរនេះ បានប្ដឹងលោក សុន ឆ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ កាលពីខែមិថុនា ឆ្នាំ២០២២ ចំពោះការអត្ថាធិប្បាយរបស់លោក ទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ តាមសេចក្ដីថ្លែងការណ៍តវ៉ារបស់គណបក្សភ្លើងទៀន ។

មុនការសម្រេចរបស់តុលាការកំពូល ខាងលើនេះ ចំនួន១០ថ្ងៃ គឺនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក សុន ឆ័យ បានធ្វើលិខិតគោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរៀបរាប់ថា ដោយបានដឹងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យសម្តីមួយផ្នែកដែលរូបលោកបានឆ្លើយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថាបាន “ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត” នោះ លោកសុំធ្វើការបដិសេធការចោទប្រកាន់នេះ ។

តាមរយៈលិខិតដដែលនោះ លោកសុន ឆ័យ បានបញ្ជាក់ថា លោកមិនដែលមានចេតនាចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ ថាលោកបានចោទជាចោរលួចសន្លឹកឆ្នោតនោះ លោកសុំអភ័យទោស ។

ទោះបីយ៉ាងណា ឆ្លើយតបទៅនឹងលោកសុន ឆ័យ នៅពេលនោះ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា “យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល” ។

លើសពីនេះទៅទៀត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ មេធាវីគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីពីការគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ដោយបញ្ជាក់ជូនថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤០០០ ០០០ ០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភ័ស្តុតាង និងទឡ្ហីករណ៍ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបង្ហាញជូនតុលាការ ពិនិត្យនិងវាយតម្លៃពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ។ នៅពេលដែលសេចក្តីសម្រេចរបស់តុលាការ បានចូលជាស្ថាពរ ហើយទណ្ឌិតនៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូនគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដោយស្ម័គ្រចិត្តទេនោះ ដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិទាមទារសំណងតាមរយៈវិធានការអនុវត្តដោយបង្ខំ ដោយរឹបអូសនិងលក់ឡាយឡុងអចលនវត្ថុរបស់ទណ្ឌិត ដែលត្រូវបានតុលាការសម្រេចរក្សាការពាររួចហើយ ។ ក្នុងករណ៍នៅតែពុំមានលទ្ធភាពសងសំណងជូនដើមបណ្តឹងរដ្ឋប្បវេណី គ្រប់ចំនួនតាមសេចក្តីសម្រេចរបស់តុលាការ នោះដើមបណ្តឹងរដ្ឋប្បវេណី មានសិទ្ធិស្នើសុំតុលាការចាត់វិធានការបង្ខំដល់រូបកាយទៅតាមច្បាប់ ។

ដោយឡែក លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក ក៏ត្រូវក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ខាងលើ បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យតុលាការចាត់ការទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២០០០លានរៀល ឬស្មើនឹងប្រមាណ ៥សែនដុល្លារអាមេរិក។

យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដាក់ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះស៊ឹង សែនករុណា បានថ្លែងតាមរយៈសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែលមានខ្លឹមសារស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា «…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…» និង «…តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន…» ព្រមទាំងប្រើប្រាស់ «…វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន…» ដែលពាក្យពេចន៍អះអាងបំផ្លើសនេះ គឺជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តិរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ ។ ដូច្នេះមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្នើដល់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យ សម្រេចចោទប្រកាន់និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន និងទាមទារសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល ។

ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក និងគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លើឈ្មោះស៊ឹង សែនករុណា ភេទប្រុស កើតថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ៣៧ស្ទួន ផ្លូវលេខ៣៥១ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ “ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឲ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនារុច្ចរិតធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ។

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បន្តថា នៅបណ្ដាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាចមិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ ។ ដោយឡែកចំពោះប្រទេសកម្ពុជា ក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនដែរ ។ ជាក់ស្ដែងការនិយាយមួលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឲ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្ដីថ្លួររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិ អនុញ្ញាតដោយច្បាប់នោះឡើយ ។

សេចក្ដីថ្លែងការណ៍ដដែល បន្តទៀតថា ក្នុងនាមជាអ្នករងគ្រោះពីការប្រមាថមើលងាយ និងមួលបង្កាច់យ៉ាងអយុត្តិធម៌ ពីបុគ្គលស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី និងសំណូមពរឲ្យដោះស្រាយរកយុត្តិធម៌ ឲ្យគណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន ។ 

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ស៊ឹង សែនករុណា បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា “បេសកកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍ របស់ខ្ញុំ ក្នុងបំណងពង្រឹងការគោរពសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ ។ រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ ។ សូមអរគុណច្រើន នូវទឹកចិត្តផ្ញើសារសួរសុខទុក្ខ និងព្រួយបារម្ភ ពីខាងគ្រួសារ បងប្អូន មិត្តភក្តិ បងប្អូនខាងសារព័ត៌មាន បងប្អូនខាងអង្គការសង្គមស៊ីវិល ជាដៃគូជាតិ អន្តរជាតិ បងប្អូនមិត្តភក្តិទូតបរទេសមួយចំនួន ចំពោះសុវត្ថិភាពរបស់ខ្ញុំ ខ្ញុំបាទមិនអីនោះទេ“ ៕ កុលបុត្រ

RELATED ARTICLES