Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ឃាត់ខ្លួន៥នាក់

បង្ក្រាបជល់មាន់ ឃាត់ខ្លួន៥នាក់

ខេត្តព្រៃវែង ៖ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅក្នុងមូលដ្ឋានស្រុកស៊ីធរកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ រួមនិងវត្ថុតាង មាន់ជល់ និងឧបករណ៍ សម្ភារៈជាច្រើន បញ្ជូនមកស្នងការដ្ឋានគរបាលខេត្តព្រៃវែង។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង (បញ្ជល់មាន់) ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចចម្ការស្វាយ មួយកន្លែង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវិន មករា ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។ ទី២-ឈ្មោះឈិន ហ៊ាញ ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។ ទី៣-ឈ្មោះចែត្រ ខុម ភេទប្រុស អាយុ៦៣ឆ្នាំ មានលំនៅ ភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល។ ទី៤-ឈ្មោះជាម ឡាយ ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ និងទី៥-ឈ្មោះអ៊ាន វាសនា ហៅពៅ ហៅដុល្លារ ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។

ចំណែកវត្ថុតាង និងសម្ភារៈចាប់យក រួមមាន រថយន្ត ១គ្រឿង ម៉ូតូ ៥គ្រឿង មាន់ជល់ ៧ក្បាល ស៊ុមក្រុងមាន់ ១៦ស៊ុម ឧបករណ៍សម្រាប់លេងអាប៉ោង ១ឈុត ជញ្ជីងថ្លឹងមាន់ ១គ្រឿង ស្កុតរំខ្នាយមាន់ ១ដុំ កៅអីជ័រ ចំនួន២០ ធុងទឹកកក១ តុដែក១ និងឆ្នាំងបាយ ចំនួន១។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កសាងសំណុំរោះង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES