Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រុសស៊ីដាច់ម៉ូតូ ជាប់អន្ទាក់ស្រី ប្រើល្បិចណាត់រួមភេទ

 ប្រុសស៊ីដាច់ម៉ូតូ ជាប់អន្ទាក់ស្រី ប្រើល្បិចណាត់រួមភេទ

ភ្នំពេញ ៖ នារីម្នាក់ ជិះម៉ូតូអស់សាំងតាមផ្លូវ ត្រូវជនសង្ស័យម្នាក់ ធ្វើជាចូលមកជួយទិញសាំងមកចាក់ឱ្យ រួច ឆ្លៀតឱកាសជិះម៉ូតូរបស់នារីរងគ្រោះគេចខ្លួនបាត់។ លុះ២ថ្ងៃក្រោយមក ជាប់អន្ទាក់នារីរងគ្រោះជាម្ចាស់ម៉ូតូ ដោយនារីរងគ្រោះបានប្រើល្បិចណាត់ជួបគ្នា ដើម្បីរួមភេទ លុះជនសង្ស័យមកជួប ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ ជាតិលេខ២ នៅចំណុចវត្តបិទមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅតាមបណ្តោយផ្លូវលេខ 105K ស្ថិតក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា សុភ័ណ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជិះកង់លក់ម្រេច ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិសិម្ពលី ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ មានឈ្មោះស្រីអូន អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ២ នៅចំណុចវត្តបិទមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាងបានជិះម៉ូតូអស់សាំង នៅតាមដងផ្លូវ។ ពេលនោះ ដោយសារតែនាងមិនមានលុយជាប់ខ្លួនផង ស្រាប់តែលេចមុខជន សង្ស័យចេញពីក្នុងវត្ត បានប្រាប់ឱ្យនាងបណ្តើរម៉ូតូឆ្លងផ្លូវ មកក្នុងវត្ត ហើយជនសង្ស័យ បានរត់ទៅទិញសាំងឱ្យនាង លុះពេលចាក់សាំងរួច ដេម៉ូតូមិនឆេះ ជនសង្ស័យបានជួយធ្វើម៉ូតូឱ្យនាងមួយសន្ទុះ លុះពេលម៉ូតូឆេះវិញ ជនសង្ស័យ បានជិះម៉ូតូរបស់នាង រត់គេចខ្លួនបាត់ស្រមោលតែម្តង។

នារីរងគ្រោះ បន្តថា ក្រោយកើតហេតុ នាងបានសួរនាំព្រះសង្ឃដែលគង់នៅចាំវត្តបិទមាស ទើបដឹងថា ជន សង្ស័យជិះកង់មកសុំវត្ត ស្នាក់អាស្រ័យសិន ដោយបន្សល់ទុកកង់ ១គ្រឿង នៅក្នុងវត្ត ទើបនាងបានទៅដាក់ ពាក្យបណ្តឹងភ្លាមៗ។ លុះមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានទាក់ទងតាមតេឡេក្រាម មកលេខគូដណ្តឹងរបស់នាង ហើយគូដណ្តឹងនាងបានតាំងរូបក្នុងតេឡេក្រាម ដាក់រូបស្រីស្អាត ទើបគូដណ្តឹងបានឱ្យនាងទាក់ទងជាមួយជនសង្ស័យ ដោយធ្វើជានារីបម្រើសេវាកម្សាន្ត និងបបួលណាត់ជួបជនសង្ស័យ ដើម្បីរួមភេទ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់មកនាងបានណាត់ជួបជនសង្ស័យ នៅម្តុំផ្សារតាំងកសាង ពេលនោះនាងមានគ្នា៣នាក់ (ប្រុស២នាក់) ជិះម៉ូតូ ២គ្រឿង ចំណែកនាង ជិះម៉ូតូកង់បី។ ពេលជួបគ្នា ជនសង្ស័យបានសួរនាំនាងថា “២នាក់នោះ ជាអ្នកណា?” នាងក៏ឆ្លើយថា “អត់ដឹងទេ ព្រោះនាងជិះម៉ូតូកង់បី មកទេ”។ បន្ទាប់មក នាងក៏បានសួរជនសង្ស័យថា “បងមានថ្នាំលេបអត់? ព្រោះខ្ញុំដូចអត់សូវស្រួលខ្លួន” ពេលនោះ ជនសង្ស័យបានប្រាប់ថា “មាន ចាំទៅយកឱ្យ”។ បន្ទាប់មក ជនសង្ស័យមានការសង្ស័យ ក៏បានរត់គេច តែត្រូវនាងស្រែក “ចោរៗ” បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជពលរដ្ឋ នាំគ្នាឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ ដើម្បីសាកសួរ ទើបដឹងថា កើតហេតុនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចនារីរងគ្រោះចោទប្រកាន់ប្រាកដមែន ហើយម៉ូតូរបស់ជនរងគ្រោះខាងលើ ត្រូវបានខ្លួនយកទៅលក់នៅម្តុំផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រគល់ជន សង្ស័យខាងលើ ទៅឱ្យកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល យកទៅសាកសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES