ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធករណីអូសទាញប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្ខពួក។
នារីសង្ស័យដែលត្រូវសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន មានឈ្មោះងួន ស្រីនាត អាយុ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម (Telegram) ធ្វើការឆបោកប្រាក់ ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។
ប្រភពដដែល បន្តថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ពាក់ព័ន្ធនឹងការអូសទាញប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តឱ្យបក្ខពួក។
ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
នាយកដ្ឋាន សូមបន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅឱ្យបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញ ក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះ ធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕