Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការ ឲ្យអ្នកនិពន្ធរឿងស្រីស្អាត ប៉ូលិសចរាចរណ៍ពិន័យ២០ដុល្លារ ចេញសារភាព

ស្នងការ ឲ្យអ្នកនិពន្ធរឿងស្រីស្អាត ប៉ូលិសចរាចរណ៍ពិន័យ២០ដុល្លារ ចេញសារភាព

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានប្រកាសអញ្ជើញនារីម្នាក់ ដែលប្តឹងមកសមត្ថកិច្ចករណីប៉ូលិសចរាចរន៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ ផាកពិន័យ ប្រាក់បង់តាម ABA ចំនួន២០ដុល្លារ ខណៈនាងប្រញាប់ជូនម្តាយទៅមន្ទីរពេទ្យ ជាបន្ទាន់ ឲ្យសហការនិងមកជួបលោក ដើម្បីដាក់ពាក្យបណ្ដឹងរកយុត្តិធម៌ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ នោះ មកដល់ល្ងាចថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤ លោកស្នងការ បានបញ្ជាក់ថា លោកពិតជាខកចិត្តណាស់ ដែលរង់ចាំនារីរូបនោះនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច តែមិនឃើញនាងមកជួប។

ជុំវិញករណីនេះ លោកស្នងការ បានបញ្ជាក់ថា អាចជាករណីបង្កើតរឿងធ្វើស៊ីមន្ត្រីនគរបាលចរាចរណ៍ ហើយនារីឈ្មោះម៉ូលីកា នោះ មិនមែនជាតួអង្គក្នុងរឿងនេះទេ។ ដូច្នេះលោកស្នើសុំអ្នកនិពន្ធរឿងនេះ ចេញសារភាពឲ្យទាន់ពេល ព្រោះលោកត្រូវការរកយុត្តិធម៌ជូនអ្នករងគ្រោះពិតប្រាកដ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក ថា «សួស្ដីក្មួយស្រី ម៉ូលីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយ មកស្នងការរាជធានី ជួបពូដើម្បីសហការនិងដាក់ពាក្យបណ្ដឹងមក!

ពូនឹងរកយុត្តិធម៌ជូនក្មួយស្រី! ដូច្នេះពូសង្ឃឹមថា ក្មួយនឹងមកសហការជាមួយពូ ដើម្បីរកយុត្តិធម៌ដល់ក្មួយជាមិនខាន! ព្រោះពូស្រាវជ្រាវបានមួយជំហានហើយ! ពូ (សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយ មានឈ្មោះ ម៉ូលីកា ពិតប្រាកដ)! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេ ពូក៏ធ្វើការងារនេះបន្តជូនដល់មហាជនទូទាំងប្រទេស ដើម្បីជ្រាបជាការពិតដែរ។

សូមអរគុណក្មួយ ពីពូ រាជសឹង្ហ»។

លុះមកដល់ល្ងាចថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសរសេរបន្ថែមថា «សួ ស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសហការជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ ដែលពូរង់ចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច!

      ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ក្មួយស្រីម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ (ខ្ញុំស្នើសុំអ្នកនិពន្ឋចេញសារភាពឲ្យទាន់ពេល) ព្រោះខ្ញុំត្រូវការរកយុត្តិធម៌និងកិត្តិយសឲ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ»។

សូមបញ្ជាក់ថា សំណេរអំពាវនាវរបស់លោកស្នងការ ជួន ណារិន្ទ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានគណ នីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «Yasuka Saito» និងគណនី-ទំព័រហ្វេសប៊ុក មួយចំនួនទៀត បានបង្ហោះ ផ្សាយនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤  ពីនារីម្នាក់ ដែលបានបង្ហោះសារសុំស្វែងរកយុត្តិធម៌ ពីថ្នាក់ដឹកនាំ ក្រោយរូបនាងត្រូវបានសមត្ថកិច្ចចរាចរណ៍មួយក្រុម ផាកពិន័យនាង ពេលបើករថយន្តដឹកម្ដាយ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងបានយកលេខរបស់នាង ឆាតមកញ៉ែរំខាននាងរាល់យប់។

សាររបស់នារីម្នាក់នោះ មានខ្លឹមសារទាំងស្រុងថា «នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ ៗ មេប៉ូលិស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា  និងលោកអ៊ំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង 2:00pmរសៀល នាងខ្ញុំបានចេញពីផ្ទះ នៅស្ទឹងមានជ័យ ដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដង្ហើម ដោយសារគាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ ក៏បានធ្វើទុក្ខគាត់ខ្លាំង។ លុះមកដល់ចំណុច ស្តុបក្តាន់  នៅវេលាម៉ោង 2:53pmរសៀល នាងខ្ញុំឃើញស្តុបពណ៌លឿងហើយ ឡានខ្ញុំក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ដោយនាងខ្ញុំឈប់លើគំនូសស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខ ទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់ ពេលនោះមានប៉ូលិស គ្នា ៣នាក់ មានគ្នា ២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ។ ខ្ញុំសួរថា ពូចាប់ តើខ្ញុំខុសអី?

គាត់ថា  មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដង្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា អ្ហែងចុះសិន បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យដឹកទៅពេទ្យ។

ពេលខ្ញុំទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះ ខ្ញុំឲ្យគាត់មើល ហើយគាត់ថា ចុះឯណាវិញ្ញាបនបត្រឆៀក និងកាតគ្រី ? គាត់ថាឡានមីអូនឯង ផុតឆៀកហើយ អ៊ីចឹង មាត្រា ៨០ គេពិន័យឆៀក ២០ម៉ឺន។ មួយទៀត ឈប់លើគំនូស ១៥ម៉ឺនទៀត។ ខ្ញុំថា ពូ ខ្ញុំសុំជូនពូ 20$ ទៅបានហើយ ព្រោះប្រញាប់ម្តាយទៅពេទ្យ គាត់ថា បើប្រញាប់ បង់គំនូសជាក់ស្តែងទៅ បញ្ចុះតម្លៃឲ្យ សល់ ២៥ម៉ឺនរៀល ។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន។ ខ្ញុំសួរខណ្ឌនៅឯណា? គាត់ថា នៅដូនពេញ។ ខ្ញុំថាឥឡូវពូយកប៉ុន្មាន? តែមានតែគង់ ១៧ម៉ឺនរៀលទេ។ គាត់ថាទៅជួបមេគាត់ដែលពាក់ស៊ីវិលទៅ ពេលទៅជួបបងជនស៊ីវិលនោះ គាត់ថាបាញ់ ABA មក ហើយយក 20$ ឲ្យកូនចៅគាត់មិញទៅ ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ  ឈ្មោះ ខៀ សុខឡាយ។

នាងខ្ញុំសួរគាត់ថា ចុះឯណាប័ណ្ណផាក? គាត់ថាបើចង់បានយកឡានទៅខណ្ឌសិន ឬយកទៅ ក្រោយវាំង ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែនាងខ្ញុំទៀត។ ថោកណាស់ សូមសំណូមពរលោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង» ៕

RELATED ARTICLES