Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានយក្សឃ្លានសាច់ក្លែម ថយបុកតូបរលំបះជើង

ឡានយក្សឃ្លានសាច់ក្លែម ថយបុកតូបរលំបះជើង

ខេត្តឧត្តរមានជ័យ ៖ តូបលក់គ្រឿងក្លែម ពោះគោទឹកប្រហុក ពងទាកូន មួយកន្លែង ត្រូវបានឡានធុនធំ ប្រភេទខ្នាតយក្ស ១គ្រឿង បើកថយក្រោយ ឆ្លងកាត់ថ្នល់ ជ្រុលមកបុកទាំងកំរោល បណ្តាលឱ្យរលំបះជើងច្រងាង រងការខូតខាតស្ទើរទាំងស្រុង តែសំណាងល្អ ពុំបង្កមនុស្សណាម្នាក់រងរបួសឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានយក្សឃ្លានសាច់ក្លែម ថយបុកតូបនេះ បានកើតឡើង កាលពីរសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២៤  នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង។រថយន្តធុនធំដែលបើកបុកតូបគ្រឿងក្លែម ជាប្រភេទរថយន្តខ្នាតយក្ស ពាក់ស្លាកលេខ ព្រៃវែង 3A-0215។តាមប្រភពម្ចាស់តូប ឈ្មោះ ចែរួន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង បានរៀប រាប់ប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងឈររៀបចំម្ហូបក្លែម លក់ដូរដូចសព្វដង លុះម៉ោងប្រហែលជាជិត៤ មានរថយន្តធុនធំ ប្រភេទខ្នាតយក្ស តៃកុងឡានបើកថយក្រោយយ៉ាងលឿនស្លេវ ពីថ្នល់ជាតិ រួចជ្រុលមកបុករោងរបស់គាត់ ពេញទំហឹងតែម្តង ហើយពេលឡានធំនោះថយក្រោយ ពុំមានព្រូស៊ីញ៉ូមើលឆ្វេងស្តាំឡើយ។

ស្ត្រីជាម្ចាស់តូប បន្តថា ខណៈពេលគាត់ឃើញឡានធំបើកថយចូលបុករោងគាត់បែបនេះ គាត់ប្រញាប់ស្ទុះគេចខ្លួនទាន់ ដោយរងការខូតខាតតែសម្ភារៈអស់មួយចំនួន ហើយករណីនេះ ពិតជាសំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ហើយ ដែលឡានថយបុកតូបរលំបះជើងច្រងាងហើយ មិនចំត្រូវមនុស្ស ហើយមួយវិញទៀត នៅថ្ងៃនេះ ពុំសូវមានភ្ញៀវមកអង្គុយហូប ឬច្រកសាច់ក្លែម ហើយអីវ៉ាន់ដែលខូតខាត មាន គ្រឿងក្លែម គ្រឿងកំប៉ុង ទូទឹកកក តុ កៅអី និងរោងបាក់អស់ស្ទើរតែទាំងស្រុង ។

ក្រោយពេលកើតហេតុ មានសាច់ញាតិស្ត្រីរងគ្រោះខាងលើ និងអ្នកជិតខាង មកជួយអន្តរាគមន៍ លើកអីវ៉ាន់នៅក្នុងតូបលក់សាច់ក្លែមចេញ ហើយបានយកម៉ូទ័រកាត់ដែក ដើម្បីរុះរើ ជួសជុលធ្វើសាជាថ្មី សម្រាប់លក់ដូរជាធម្មតាវិញ។

បន្ទាប់មក សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងសំរោង បានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ ដើម្បីស្វែងរកម្ចាស់រថយន្តបង្កហេតុខាងលើ ឱ្យមកចូលដោះស្រាយសងថ្លៃការខូចខាតសម្ភារៈទៅម្ចាស់តូប ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES