Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេង៤ឆ្នាំ ថប់ដង្ហើម...ស្លា...ប់ ជាប់ក្នុងឡានសាលា៤ម៉ោង

 ក្មេង៤ឆ្នាំ ថប់ដង្ហើម…ស្លា…ប់ ជាប់ក្នុងឡានសាលា៤ម៉ោង

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ អាយុ៤ឆ្នាំ បានជិះរថយន្តសាលាឯកជន ទៅសាលារៀន ដូចសព្វដង លុះទៅដល់សាលា អ្នកបើកបរមានការធ្វេសប្រហែស មិនបានពិនិត្យមើលសិស្សឱ្យបានត្រឹមត្រូវ ថាចុះអស់ឬនៅ ក៏បានបិទទ្វាររថយន្ត ទុកចោលអស់រយៈពេលប្រមាណ ៤ម៉ោង រហូតដល់ម៉ោងសិស្សចេញពីសាលារៀន បម្រុងដឹកសិស្សត្រឡប់ទៅផ្ទះវិញ ទើបប្រទះឃើញ ក្មេងប្រុសរងគ្រោះដេកស្តូកនៅក្នុងរថយន្ត ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល ក្មេងប្រុសរងគ្រោះបានថប់ដង្ហើមស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសាលាអន្តរជាតិ កុលបុត្របញ្ញា ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល (ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។ក្មេងប្រុសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ មានឈ្មោះយ៉ុម រៃយ៉ា  ភេទប្រុស អាយុ៤ឆ្នាំ មានលំនៅ ភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ។ ចំណែកអ្នកបើករថយន្តដឹកសិស្សសាលា មានឈ្មោះឡុង ស៊ីណែត ភេទស្រី អាយុ៤២ឆ្នាំ (ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ឈ្មោះឈិត សោភ័ណ្ឌ និងប្រពន្ធឈ្មោះឡុង ស៊ីណែត បានបើកសាលារៀនឯកជន ឈ្មោះ អន្តរជាតិ កុលបុត្របញ្ញា ហើយតែងតែបើករថយន្តទៅដឹកសិស្សតាមផ្ទះ រៀងរាល់ថ្ងៃ ដោយពេលខ្លះ ប្តីអ្នកបើក និងពេលខ្លះប្រពន្ធ ជាអ្នកបើក។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ ១រសៀល ស្ត្រីឈ្មោះឡុង ស៊ីណែត ពេលត្រឡប់មកពីដឹកសិស្សវិញ ក៏បើកទ្វារឡាន ឱ្យសិស្សចុះ ហើយប្រគល់ឱ្យគ្រូបង្រៀន និងបានបញ្ជាក់ថា ថ្ងៃនេះសិស្សខ្លះមិនមករៀនទេ ហើយគ្រូក៏ចាប់ផ្តើមបង្រៀនធម្មតា។ រហូតដល់ម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែល ដល់ម៉ោងត្រូវដឹកសិស្សត្រឡប់ទៅផ្ទះវិញ ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់ ជាប់នៅក្នុងរថយន្ត សន្លប់ស្តូក។ ពេលនោះស្ត្រីឈ្មោះឡុង ស៊ីណែត បានដឹកក្មេងប្រុសរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែពេលទៅ ដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្រោយមក ស្ត្រីឈ្មោះឡុង ស៊ីណែត បានទូរស័ព្ទទៅប្តី ដើម្បីឱ្យមកបើកបន្ត រួចគេចខ្លួនបាត់ ខណៈប្តីបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ច និងបានប្រគល់សពជូនក្រុមគ្រួសារ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងប្រុសរងគ្រោះ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារជាប់ក្នុងរថយន្ត បណ្តាលឱ្យថប់ដង្ហើមស្លាប់ប្រាកដមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកស្ត្រីសង្ស័យឈ្មោះឡុង ស៊ីណែត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួន ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធិ៕

RELATED ARTICLES