Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ប្រហិតខូចគុណភាព ២តោន ដុតចោល

ចាប់ប្រហិតខូចគុណភាព ២តោន ដុតចោល

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផលប្រហិតចម្រុះ ចំនួន ២០០០គីឡូក្រាម (២តោន) គ្មានសុវត្ថិភាព និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូប អាហារ ដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់ស នៃព្រំដែនថៃ ឃាត់បាននៅចំណុចដីឡូត៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ការបង្ក្រាបរថយន្តដឹកប្រហិតចម្រុះនេះ បានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

វត្ថុតាង រថយន្ត និងផលិតផលប្រហិតចម្រុះខាងលើ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី៕

RELATED ARTICLES