Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធាក់ប្លន់ម៉ូតូ ឲ្យសង្សារជិះ ជាប់ខ្នោះទាំង២

ធាក់ប្លន់ម៉ូតូ ឲ្យសង្សារជិះ ជាប់ខ្នោះទាំង២

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ ១គ្រឿង បានសម្រេច រួចជិះយកទៅផ្ញើនៅចំណតផ្ញើកង់ម៉ូតូ ១កន្លែង ក្រោយមកបានប្រើសង្សាររបស់ខ្លួន ឱ្យទៅយកម៉ូតូនោះមក ស្រាប់តែត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីធាក់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង០៥នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខ១៣៨ ក្រុមទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ១គ្រឿង) ដោយឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចកន្លែងទទួលផ្ញើកង់-ម៉ូតូ ១កន្លែង ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះពិន សុខា ហៅគួក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ អគារទី៥ ប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាជនដៃដល់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ) និងទី២-ឈ្មោះហេង ស្រីឃាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ អគារទី៤ ប្លុកបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាអ្នកសមគំនិតទៅយកម៉ូតូ ជាវត្ថុតាង នៅកន្លែងផ្ញើកង់-ម៉ូតូ ឱ្យជនដៃដល់)។

ចំណែកវត្ថុតាងចាប់យក ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JJ-0024 មានលេខតួ 9079496 លេខម៉ាស៊ីន 9034787 ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះជីវ័ន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករធ្វើផ្លូវថ្នល់ ស្នាក់នៅផ្ទះលេខ១៧៩ ផ្លូវលេខ១៣២ ក្រុមទី២៥ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES