Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រចណ្ឌប្រពន្ធ ដុតផ្ទះចោល

ប្តីប្រចណ្ឌប្រពន្ធ ដុតផ្ទះចោល

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ហេតុតែមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំង ចេះតែបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ គ្មានលស់ថ្ងៃ លុះចុងក្រោយ ដោយសារតែភ្លើងប្រចណ្ឌដុតរោលខ្លាំងទ្រាំលែងបាន ក៏បែកគំនិតធ្វើសក ម្មភាពដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆេះខ្ទេចអស់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រចណ្ឌប្រពន្ធ ដុតផ្ទះខ្លនឯងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ៣និង២៥នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក។

បុរសចិត្តភ្លើងដែលដុតផ្ទះខ្លួនឯងចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡាយ ចាន់គា អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្រែឫស្សី ឃុំអម្ពិល ស្រុករមាសហែក។ ចំណែកផ្ទះដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ក្បឿង រនាបក្តារ (ឆេះខូចខាតអស់ប្រមាណ៧០ភាគរយ)។

ចំណែកសម្ភារៈ និងទ្រព្យសម្បត្តិដែលរងការខូចខាត រួមមាន ផ្ទះ ១ខ្នង លុយ ចំនួន៥០ម៉ឺនរៀល ក្រវិលមាស ទម្ងន់៥ហ៊ុន ទូរស័ព្ទម៉ាក Oppo ចំនួន២គ្រឿង ស្រូវ ចំនួន៤បាវ ប្លង់ដី ចំនួន២ប្លង់ សម្លៀកបំពាក់ មុង ភួយកន្ទេល ខ្នើយមួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យខាងលើ តែងកើតមានជម្លោះជាមួយប្រពន្ធ ស្ទើររាល់ថ្ងៃ ដោយមូលហេតុផ្តើមចេញពីការប្រចណ្ឌហួងហែងប្រពន្ធហួសហេតុពេក។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ បុរសជាប្តី បានរករឿងប្រពន្ធរបស់ខ្លួនជាថ្មីម្តង ទៀត រួចក៏ធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះអស់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ពន្លត់ភ្លើងរួច ចាប់ឃាត់ខ្លួនជនសង្ស័យជាប្តីខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឡាយ ចាន់គា បានឆ្លើយសារភាពថា ខ្លួនពិតជាបានដុតផ្ទះចោល មែន មូលហេតុព្រោះតែប្រចណ្ឌប្រពន្ធខ្លាំងពេក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES