Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆេះកសិដ្ឋានចិញ្ចឹមមាន់ ខាតបង់ជាង២០ម៉ឺនដុល្លារ

ឆេះកសិដ្ឋានចិញ្ចឹមមាន់ ខាតបង់ជាង២០ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ រោងកសិដ្ឋានចិញ្ចឹមមាន់ធំៗ ចំនួន២ខ្នង រួមនិងសត្វមាន់រាប់ម៉ឺនក្បាល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់អស់គ្មានសល់ ធ្វើឱ្យខាតបង់ប្រាក់អស់ប្រមាណ២០ម៉ឺនដុល្លារ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់។

ម្ចាស់កសិដ្ឋានដែលរងគ្រោះដោយសារអគ្គិភ័យខាងលើ មានឈ្មោះឌិប ផាឌីន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ (ក្បែរកសិដ្ឋាន)។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈើទាល បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះ បានឆេះអស់គ្មានសល់ រោងចិ ញ្ចឹមមាន់ សម្ភារៈនានានៅក្នុងកសិដ្ឋាន រួមទាំងរថយន្ត និងម៉ូតូផង ហើយសត្វមាន់ ចំនួនជាង១ម៉ឺនក្បាល ត្រូវក្លាយជាចំណីភ្លើងផងដែរ។

តាមប្រភពពីម្ចាស់កសិដ្ឋានខាងលើ បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតឡើង ដោយសារការបែកធ្លាយប្រព័ន្ធហ្គាស់សម្រាប់កម្តៅមាន់ ហើយវាបានផ្ទុះ បង្កជាអគ្គិភ័យឆាបឆេះកសិដ្ឋានទាំងមូលភ្លាមៗតែម្តង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងកសិដ្ឋានចិញ្ចឹមមាន់កសិកម្មនេះ មានរោងមាន់ ចំនួន២ខ្នង មួយខ្នងៗ មានទំហំ ៨ម៉ែត្រ គុណនឹង ៦០ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ហើយរោងទាំង០២នេះ ចិញ្ចឹមសត្វមាន់ ចំនួន១២០០០ក្បាល។ រោងដាក់រថយន្ត ១ខ្នង ទំហំ ១៥ម៉ែត្រ គុណនឹង ១២ម៉ែត្រ សម្រាប់ដាក់រថយន្ត ២គ្រឿង (ម៉ាកកាមរីបាឡែន និងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ២,៥តោន) រួមទាំងម៉ូតូ ចំនួន៣គ្រឿងទៀត សរុបការខូចខាតប្រមាណជាង២០ម៉ឺនដុល្លារ។ ទ្រព្យសម្បត្តិ និងអ្វីៗគ្រប់យ៉ាង ដែលមាននៅក្នុងកសិដ្ឋាននេះ បានក្លាយជាផេះ ឆេះរាបដល់ដី សូម្បីសត្វមាន់មួយក្បាល ក៏មិនអាចសង្គ្រោះបានដែរ ដោយសារអគ្គិភ័យដ៏រន្ធត់នេះ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

អ្នកភូមិ និងមន្ត្រីមូលដ្ឋាន បានប្រឹងប្រែងយ៉ាងខ្លាំងជាមួយម្ចាស់កសិដ្ឋាន និងកម្មករថែមាន់ ក្នុងការព្យាយាមចូលពន្លត់អគ្គិភ័យនេះ ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ចំនួន៤គ្រឿង ក៏បានចេញជួយអន្តរាគមន៏ផងដែរ។ ប៉ុន្តែជាអកុសល អគ្គិភ័យដែលមានកម្លាំងខ្លាំង និងលឿនបំផុតនោះ បានឆេះអស់គ្មានសល់ បន្សល់ ទុកតែស័ង្កសី ឆ្អឹងរថយន្ត ២គ្រឿង និង ឆ្អឹងម៉ូតូ ៣គ្រឿង។

លោកស្រេង សុខា អភិបាលស្រុកបាណន់ ដែលបានចុះអន្តរាគមន៍ពេលកំពុងកើតហេតុនោះដែរ បានថ្លែងថា បើតាមការពិនិត្យជាក់ស្តែង គឺកសិដ្ឋានចិញ្ចឹមមាន់នេះ ហាក់គ្មាននៅសេសសល់អ្វីទេ សូម្បីសត្វមាន់មួយក្បាល។ លោកអភិបាលស្រុក បានបញ្ជាក់ថា ទ្រព្យសម្បត្តិ និង សម្ភារៈបានបាត់បង់ដោយសារអគ្គិភ័យនេះ រួមមានរថយន្ត ម៉ូតូ រោងចិញ្ចឹមមាន់ និងសត្វមាន់ជាង ១ម៉ឺនក្បាល ដែលធ្វើឱ្យម្ចាស់កសិដ្ឋាននេះ ខាតបង់ច្រើនណាស់។

លោក ស្រេង សុខា បានប្រាប់បន្ថែមថា ស្ថិតនៅចំពោះមុខនេះ លោកកំពុងជួបសួរនាំជនរងគ្រោះ ធ្វើរបាយការណ៏បូកសរុប ពីទ្រព្យសម្បត្តិដែលខូចខាត រាយការណ៏បន្តជូនថ្នាក់លើ ដើម្បីជួយសង្គ្រោះបឋមដល់ជនរង គ្រោះ តាមអ្វីដែលអាចជួយបាន៕

RELATED ARTICLES