Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះ១៣ខ្នង ភ្លើងឆេះខ្ទេច ព្រោះតែសម្លចាប់ឆាយ

ផ្ទះ១៣ខ្នង ភ្លើងឆេះខ្ទេច ព្រោះតែសម្លចាប់ឆាយ

ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ សរុបចំនួន១០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញអស់ទាំងស្រុង និងបន្តឆេះរាលដល់ផ្ទះ ៣ខ្នងទៀត (ខូចខាត៦០ភាគរយ) ដោយមូលហេតុផ្តើមចេញពីការបើកហ្គាស់ កម្តៅសម្លចាប់ឆាយ រួចក៏រាលឆេះផ្ទះយ៉ាងសន្ធោសន្ធៅ និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ២៥រថយន្ត ទើបអាចគ្រប់ គ្រងស្ថានការណ៍បានទាំងស្រុង តែហេតុការណ៍នេះ បានបណ្តាលឱ្យនាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ ដែលចូលរួមដឹកនាំប្រតិបត្តិការដោយផ្ទាល់ បានរងរបួសទៀតផង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មើនឹង៨៤ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១គ្រឿង ស្មើនឹង ៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ដោយសារតែទីតាំងខាងលើមានផលលំបាក ដូចជាស្ថានភាពផ្លូវមានការតូចចង្អៀត ពិបាកឱ្យកម្លាំងសមត្ថកិច្ចជំនាញចូលទៅក្នុងដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចប្រើប្រាស់វិធីសាស្ត្រ ដើរថ្មើរជើង ដោយធ្វើការអូសទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យខាងលើនេះ ប្រភេទសំណង់ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ គុណនឹង ១៥ម៉ែត្រ បានបណ្តាលឱ្យឆេះខូចខាតផ្ទះ ចំនួន១០ខ្នងទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៣ខ្នងទៀត ខូចខាតអស់៦០ភាគរយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ទៀតថា ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការគ្រប់ គ្រងទាំងស្រុង នៅវេលាម៉ោង៣រសៀល ថ្ងៃដដែល។ ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យរូបលោកផ្ទាល់ បានរងរបួសត្រូវដៃខាងស្តាំ ដោយសារតែធ្លាក់ដុំឈើដែលមានភ្លើងកំពុងឆេះ។ រីឯមូលហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បណ្តាលមកពីការបើកហ្គាស់កម្តៅសម្លចាប់ឆាយ៕

RELATED ARTICLES