Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ទូកទេសចរណ៍ វ៉ៃគ្នាដណ្តើមម៉ូយ

ម្ចាស់ទូកទេសចរណ៍ វ៉ៃគ្នាដណ្តើមម៉ូយ

ភ្នំពេញ ៖ អ្នករកស៊ីទូកទេសចរណ៍នៅមាត់ទន្លេ មុខផ្សាររាត្រី ចំនួន២ក្រុម បានកើតមានជម្លោះរឿងដណ្តើមម៉ូយ រហូតឈានដល់ការប្រើអំពើហិង្សា វាយតប់គ្នា ធ្វើឱ្យផ្អើលដល់ប្រជាការពារ និងសមត្ថកិច្ច ចុះអន្តរាគមន៍។

ករណីហិង្សាផ្តើមចេញពីជម្លោះដណ្តើមម៉ូយនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទល់មុខផ្សាររាត្រី ត្រង់ចំណតទូកទេសចរណ៍មាត់ទន្លេ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ដែលសុទ្ធសឹង តែជាអ្នកប្រកបរបរទូកទេសចរណ៍ ដឹកភ្ញៀវ នៅចំណុចមាត់ទន្លេដូចគ្នា បានកើតមានជម្លោះតឹងសរសៃកដាក់គ្នា។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឈានដល់ការប្រើហិង្សា វាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានរបួសទាំងសងខាង។ ភ្លាមនោះដោយឃើញសភាពមិនស្រួល ទើបប្រជាពលរដ្ឋក្បែរនោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍។

តាមការឱ្យដឹងពីភាគីទាំងសងខាង បានប្រាប់ពីមូលហេតុដែលឈានដល់ការប្រើហិង្សានេះថា គឺមកពីដណ្តើមម៉ូយគ្នា ព្រោះការរកស៊ីនៅតំបន់តែមួយ ហើយជម្លោះនេះ មិនមែនជាលើកទី១ទេ ធ្លាប់មានការបើកទូកបុកគ្នា និងមានរឿងរ៉ាវផ្សេងៗច្រើនជាងនេះ រហូតដាក់ពាក្យបណ្តឹងដល់តុលាការថែមទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងប្រជាការពារខណ្ឌដូនពេញ បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការបំបែកភាគីជម្លោះ រួចហៅទៅសាកសួរនិងដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES