Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចកង់បីនៅភ្នំពេញ ជាប់ខ្នោះនៅកំពត

លួចកង់បីនៅភ្នំពេញ ជាប់ខ្នោះនៅកំពត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូកង់បី ១គ្រឿង បានសម្រេច រួចបើករត់គេចទៅកាន់ទឹកដីខេត្តកំពត ទីបំផុតត្រូវសមត្ថកិច្ចជំនាញសហការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ករណីលួចម៉ូតូកង់បីនេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះញ៉ែម ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកម៉ូតូកង់បី ដែលជនសង្ស័យលួចយកទៅ ពណ៌ស ពាក់លេខ ភ្នំពេញ 1R-3018 ជាកម្មសិទ្ធិរបស់ ឈ្មោះសយ សង់ភ្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅភូមិព្រៃទា សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះទើបនឹងត្រឡប់មកពីដឹកភ្ញៀវ បានទុកម៉ូតូកង់បី នៅខាងមុខផ្ទះ រួចបានចូលទៅសម្រាកដូចរាល់ដង។ លុះជនរងគ្រោះក្រោកពីដេក ស្រាប់តែបាត់ម៉ូតូកង់បី ហើយភ្លាមនោះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឈូក បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ៦និង៣០ នាទី ព្រលប់ថ្ងៃដដែល រួចនាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-ម៉ូតូកង់បី ១គ្រឿង (ប្រគល់ជូនរងគ្រោះវិញ)។ ២-ម្សៅក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន និង៣-កាំបិតកន្ទុយអន្ទង់ ចំនួន១។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES