Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកប្រឌិតរឿងប៉ូលិសពិន័យស្រីស្អាត ជាប់ខ្នោះ

អ្នកប្រឌិតរឿងប៉ូលិសពិន័យស្រីស្អាត ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ដែលប្រឌិតរឿងស្រីស្អាតឈ្មោះម៉ូលីកា ត្រូវមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្តាន់ពីរ ផាកពិន័យ និងសុំលេខទូរស័ព្ទដើម្បីឆាតសុំស្នេហ៍ កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាន។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយិន សុផាណា។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ យិន សុផាណា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យដែលប្រឌិតព័ត៌មានក្លែងក្លាយ នាំឱ្យមានការយល់ច្រឡំនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈបក្ខពួកផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធ កំពុងស្រាវជ្រាវចាប់ខ្លួនបន្ត។

គួររំលឹកថា កាលពីសប្តាហ៍កន្លងទៅនេះ មានការចែកចាយព្រោងព្រាត និងចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទមួយនោះ គឺនារីស្រស់ស្អាតម្នាក់ មានឈ្មោះ ម៉ូលីកា បានទម្លាយសារឆ្លើយឆ្លងរវាងនាងនិងមន្ត្រីនគរបាលចរាចរណ៍ម្នាក់ ដែលអះអាងថា ខ្លួនមានតួនាទីជានាយរង ការិយាល័យចរាចរណ៍ផ្លូវគោក រហ ស្សនាម “ព្រួញ៧៧” ប្រចាំនៅគោលដៅក្តាន់២ ចាប់ផាកពិន័យ និងបានសុំលេខទូរស័ព្ទឆាតឆ្លើយឆ្លងស្នេហា ទៀតផង។

សាររបស់នារីឈ្មោះម៉ូលីកា ដែលបានបាញ់ចូលទៅតាមគ្រុប Telegram អមដោយរូបក្រុមមន្ត្រីនគរបាលចរចរណ៍ និងសារឆ្លើយឆ្លងរវាងនាង និងមន្ត្រីនគរបាលចរាចរណ៍រូបនោះ មានខ្លឹមសារថា “នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូៗ មេប៉ូលិសក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និងលោកអ៊ំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤

វេលាម៉ោង២រសៀល នាងខ្ញុំបានចេញពីផ្ទះ នៅស្ទឹងមានជ័យ ដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដង្ហើម គាត់មានជំងឺបេះដូង ញ៉ាំអត់ទៀងទាត់ ក៏បានធ្វើទុក្ខគាត់ខ្លាំង។ ពេលមកដល់ចំ ណុង ស្តុបក្តាន់២ នៅវេលាម៉ោង ២ៈ៥៣នារីរសៀល នាងខ្ញុំឃើញស្តុបពណ៌លោតហើយ ឡានខ្ញុំជ្រុល ក៏បានឈប់ គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូសស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខ ទៅមុខ ទៀត ឆ្លងកាត់ចូលផ្លូវបឹងកក់។ ពេលនោះមាន ប៉ូលិស ៣នាក់ មានគ្នា២នាក់ ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី? គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ។ នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដង្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា អ្ហែងចុះសិន បើគាត់ដកចង្កាមាន់ ចាំអញហៅឡានពេទ្យដឹកទៅពេទ្យ។

ពេលខ្ញុំទៅជួបពូប៉ូលិសម្នាក់ទៀត នៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិត្យប័ណ្ណបើកបរ ពេលនោះខ្ញុំឱ្យគាត់មើលហើយគាត់ថា ចុះឯណាវិញ្ញាបនបត្រឆៀក និងកាតគ្រី? គាត់ថា ឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រា ៨០ គេពិន័យឆៀក ២០ម៉ឺន។ មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។ ខ្ញុំថា ពូ ខ្ញុំសុំជូនពូ ២០ដុល្លារទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ ។ គាត់ថាបើប្រញាប់បង់គំនូសជាក់ស្តែងទៅ បញ្ចុះតម្លៃឱ្យ សល់២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន។ ខ្ញុំសួរ ខណ្ឌនៅឯណា? គាត់ថា នៅដូនពេញ។

ខ្ញុំថាឥឡូវពូយកប៉ុន្មាន មានតែ១៧ម៉ឺនរៀលទេ? គាត់ថា ទៅជួបមេគាត់ដែលពាក់ស៊ីវិលទៅ។ ពេលទៅជួប បងជនស៊ីវិលនោះគាត់ គាត់ឲ្យបាញ់ ABA មក ហើយយក ២០ដុល្លារ ទៅឱ្យកូនចៅគាត់មិញទៅ។ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗ ឈ្មោះខៀ សុខឡាយ។ នាងខ្ញុំសួរគាត់ថា ចុះឯណាប័ណ្ណផាក? គាត់ថា បើចង់បាន យកឡានទៅខណ្ឌសិន ឬយកទៅក្រោយវាំង ហើយជនស៊ីវិលនេះឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់។ សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង…”។

ក្រោយផ្ទុះនូវការចែកចាយនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ។ រហូតរំលងបានប៉ុន្មានថ្ងៃ វាំងននខ្មៅនៃរឿងរ៉ាវនេះ ត្រូវបានលោកស្នងការលាតត្រដាងការពិត និងបានអះអាងថា សាច់រឿងនេះជាការប្រឌិតឡើងទាំងស្រុង ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។

ឆ្លងកាត់ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តាំផ្ញើដល់អ្នកនិយមលេងបណ្តាញសង្គមមួយចំ នួនតូច សូមពិចារណាគ្រប់ ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ។/

RELATED ARTICLES