ហ្វីលីពីន៖ អភិបាលខេត្តម្នាក់បានឲ្យដឹងថាមានកម្មករជាង១០០នាក់រាប់បញ្ចូលជនជាតិជប៉ុន៣នាក់បានរងរបួសហើយយ៉ាងហោចណាស់មនុស្ស៣នាក់កំពុងបាត់ខ្លួនក្នុងឧប្បត្តិហេតុនៃភ្លើងឆេះរោងចក្រដ៏ធំមួយនៅភាគខាងត្បូងក្រុងម៉ានីលនិងបាននាំឲ្យកម្មករនិយោជិតរាប់ពាន់អ្នករួសរាន់ជម្លៀសទៅកាន់ទីសុវត្ថិភាព។
លោក Jesus Crispin Remulla អភិបាលខេត្តមួយរូបរបស់ហ្វីលីពីនបានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថាគ្រោះអគ្គីភ័យដែលឆាបឆេះនៅរោងចក្រឧស្សាហកម្មបច្ចេកវិទ្យាលំនៅឋានគឺស្ថិតក្រោមការគ្រប់គ្រងហើយ ប៉ុន្តែមិនទាន់ត្រូវបានរលត់ទាំងស្រុងនៅឡើយទេក្នុងរយៈពេលជិត១៨ម៉ោង បន្ទាប់ពីវាបានចាប់ផ្តើមកើតឡើងក្នុងទីក្រុង General Trias ក្នុងខេត្ត Cavite ។
លោក Remulla លើកឡើងថាកម្មករ១០នាក់ក្នុងចំណោមអ្នករងរបួសគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្យ៉ាងទៀតកម្មករនិយោជិតមួយចំនួនបានលោតចេញពីបង្អួចដើម្បីគេចខ្លួនពីគ្រោះអគ្គីភ័យនេះនៅអគារជាន់ទី៣នៃរោងចក្រផលិតទំនិញសម្រាប់នាំចេញទៅប្រទេសជប៉ុន ។
លោកបានថ្លែងថាមួយភាគបីកម្មករនិយោជិត១៥.០០០នាក់គឺបាននិងកំពុងបំពេញភារកិច្ចនៅពេលអគ្គីភ័យឆាបឆេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា