Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្លែងឯកសារលក់ដីគេ ជាប់ខ្នោះ

ក្លែងឯកសារលក់ដីគេ ជាប់ខ្នោះ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណី ក្លែងបន្លំឯកសារលក់ដីរបស់អ្នកដទៃ ទំហំជាង១៥ហិកតារ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

យោងតាមប្រភពអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា ជនសង្ស័យឈ្មោះធូ ខ្លឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជារបស់តំណាងអយ្យការអមសាលា ដំបូងខេត្តមណ្ឌលគិរី ក្រោយរងនូវពាក្យបណ្តឹងក្នុងករណីក្លែងបន្លំ ឯកសារលក់ដីរបស់អ្នកដទៃ ទំហំជាង១៥ហិកតារ នៅឯភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពដដែល បន្តថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះធូ ខ្លឹង បានឆ្លើយថា ខ្លួនបានមករស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០០ ដោយប្រកបមុខរបរធ្វើរ៉ែមាស ហើយខ្លួនស្គាល់គ្នាជាមួយឈ្មោះឃឹម សំអាត ហៅតាបារាំង ក្នុងឆ្នាំ២០១១ ពេលនោះតាបារាំង បាននិយាយថា ឱ្យខ្លួនជួយដើរទិញដី នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីទិញដីទុក ហើយខ្លួនក៏ទិញដី បានចំនួន៤កន្លែង ទិញពីម្ចាស់ទី១-ឈ្មោះឆូយ សុភាព ទី២-ឈ្មោះង៉ែត សាញ់ ទី៣-ឈ្មោះអ៊ួ សារឿន និងទី៤-ឈ្មោះគឹម សឿន រីឯទំហំដី ពិតប្រាកដខ្លួនពុំបានដឹងទេ ពីព្រោះការទិញដីនោះពុំបានវាស់វែងឡើយ គ្រាន់តែធ្វើលិខិតទិញលក់ ការទិញដីទាំងនោះឈ្មោះឃឹម សំអាត គឺជាអ្នក ចេញប្រាក់ ឯខ្លួនគឺជាអ្នកថែរក្សា និងចេញប្រាក់ថ្លៃកាប់ឆ្ការព្រៃរយះពេលជិត១០ឆ្នាំនេះ។

លុះក្នុងឆ្នាំ២០១៤ ខ្លួនបានត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ហើយខ្លួនក៏ទទួលដំណឹងថា ឈ្មោះឃឹម សំអាត ហៅតាបារាំង គាត់មក្រ គប់គ្រងថែរក្សានៅលើដី២៧ហិកតារនេះ លុះដល់ឆ្នាំ២០២១ ខ្លួនក៏ត្រឡប់មកថែរក្សានៅលើដីនេះវិញ មកដល់ឆ្នាំ២០២៣ ឈ្មោះជូន ភឿន ហៅផាត បានទាក់ទង មកខ្លួនតាមរយៈទូរស័ព្ទថា មានគេចង់ទិញដី ខ្លួនក៏ព្រមលក់ដីទំហំ១៥ហិកតារ ក្នុងចំណោមដីដែលខ្លួនគ្រប់គ្រង និងថែរក្សា ២៧ហិកតារជាង នៅចំណុចមាត់អូរតេ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឱ្យទៅឈ្មោះប៉ាង បូរិន និងឈ្មោះសុង អ៊ីរុន ហើយខ្លួនបានវាស់វែងជាប្រព័ន្ធដោយក្រុមការងារសុរិយោដី ទើបខ្លួនហ៊ានលក់ដីត្រង់ចំណុចនេះ ខ្លួនបានធ្វើលិខិតកាន់កាប់និងផ្ទេរសិទ្ធិដីធ្លីពីឈ្មោះ ង៉ែត សាញ់ មកខ្លួននៅក្នុងឆ្នាំ២០១១ ការរៀបចំធ្វើលិ ខិតផ្ទេរសិទ្ធដីនេះគឺជំទប់ទី១ឃុំ ឈ្មោះអ៊ុត ភឿន គឺជាអ្នកធ្វើឯកសារ។

បន្ទាប់ពីបានលិខិតកាន់កាប់ និងផ្ទេរសិទ្ធិហើយ ខ្លួនបានវាស់វែងជាប្រព័ន្ធជាមួយក្រុមការងារសូរិយោដីដោយពុំបានប្រាប់ទៅឈ្មោះ ឃឹម សំអាត ហៅតាបារាំង ឡើយហើយឈ្មោះឃឹម សំអាត ហៅតាបារាំង ក៏ពុំបានដឹងដែរ។ ចំពោះការធ្វើលិខិតផ្ទេរសិទ្ធិពីខ្លួនលក់ទៅឱ្យឈ្មោះប៉ាង បូរិន និងឈ្មោះសុង អ៊ីរុន គឺឈ្មោះជូន ភឿន និងឈ្មោះវ៉ាញ ឆេងអ៊ួង ជាអ្នក រៀបចំធ្វើឯកសារទាំងអស់ ខ្លួនពុំបានដឹងឡើយ។

យោងតាមចម្លើយសារភាពជនសង្ស័យខាងលើនេះ អ្នកពាក់ព័ន្ឋក្លែងឯកសារលក់ដីអ្នកដទៃ មិនត្រឹមមានតែម្នាក់ (ធូ ខ្លឹង) ប៉ុណ្ណោះទេ ពោលគឺនៅមានអ្នករៀបចំឯកសារពីរនាក់ទៀត គឺឈ្មោះជូន ភឿន (ស្លាប់) និងឈ្មោះវ៉ាញ ឆេងអ៊ួង ជាជំទប់ឃុំចុងផ្លាស់ ជាអ្នករៀបចំ និងចុះហត្ថលេខាលើឯកសារដីធ្លីខាងលើនេះ៕

RELATED ARTICLES