Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនិស្សិតចេញទៅរៀនអស់ ភ្លើងឆេះបន្ទប់ជួល

និស្សិតចេញទៅរៀនអស់ ភ្លើងឆេះបន្ទប់ជួល

ភ្នំពេញ ៖ បន្ទប់ជួលជាន់ទី២ មួយកន្លែង ដែលត្រូវបានក្រុមនិស្សិតជួលស្នាក់នៅជុំគ្នា ស្រាប់តែកើតមានអគ្គិ ភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ៥គ្រឿង ចុះមកជួយអន្តរាគមន៍ភ្លាមៗ តែយ៉ាងណា សម្ភារៈក្នុងបន្ទប់ខាងលើ បានរងការខូចខាតស្ទើរតែទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងលេខ៣៣ ជាន់ទី២ តាមបណ្តោយផ្លូវលេខ១០០៧ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះផ្សែងហុយយ៉ាង ខ្មួលខ្មាញ់ចេញពីជាន់ទី២ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ ហើយភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។

តាមប្រភពឈ្មោះ សន ឧត្តម អាយុ៣៣ឆ្នាំ ជានិស្សិតដែលបានជួលស្នាក់នៅ បានឱ្យដឹងថា ផ្ទះដែលឆេះ ត្រូវបានក្រុមនិស្សិតជួលស្នាក់នៅជាក្រុម ហើយនៅមុនពេលកើតហេតុ នៅជាន់ទី២ ដែលជាទីតាំងកើតហេតុនោះ គឺក្រុមនិស្សិត បានចេញទៅរៀនអស់ នៅសល់តែក្មេងស្រីម្នាក់ ខណៈនោះស្រាប់តែមានភ្លើងឆេះ ហើយក្មេងបានរត់ចុះមកប្រាប់ក្រុមនិស្សិតដែលស្នាក់នៅខាងក្រោម ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

និស្សិតខាងលើ បានដាក់ការសង្ស័យថា អគ្គិភ័យនេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះចេញពីបន្ទប់សម្រាប់ថតរូប។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យរងការខូចខាត រួមមានគ្រែ ពូក ទូដាក់ខោអាវ កង្ហារ និងសម្ភារៈសិក្សាមួយចំនួនទៀត។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆេះរាលដាលឡើយ ចំណែកមូលហេតុ សមត្ថ កិច្ចជំនាញកំពុងស្រាវជ្រាវ៕

RELATED ARTICLES