Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូគេជិះបង្ហោះបុកឡាន គេទារ៦០០ដុល្លារ សង២០០

ខ្ចីម៉ូតូគេជិះបង្ហោះបុកឡាន គេទារ៦០០ដុល្លារ សង២០០

ភ្នំពេញ ៖ យុវជន២នាក់ ត្រូវម្តាយមីងប្រើឱ្យទៅទិញកៅអៀក ស្រាប់តែទៅខ្ចីម៉ូតូគេជិះ បង្ហោះជ្រុលទៅបុករថយន្ត ១គ្រឿង បណ្តាលឱ្យរងការខូចខាត ចំណែកយុវជនជាអ្នកបង្ហោះម៉ូតូ ទាំង២នាក់ រងរបួសស្រាល និងត្រូវម្ចាស់រថយន្តទារសំណងចំនួន ៦០០ដុល្លារ តែភាគីម៉ូតូ សុំសម្រួលសង ២០០ដុល្លារ។

ករណីក្មេងស្ទាវបង្ហោះម៉ូតូបុករថយន្តគេនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុងអមប្រឡាយ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលយុវជន២នាក់ជិះបង្ហោះទៅបុករថយន្តគេនោះ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1H-9624 ជាម៉ូតូខ្ចីគេជិះ បំណងទៅទិញកៅអៀក ឱ្យម្តាយមីង។ ចំណែករថយន្តដែលរងការខូចខាត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-2104។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុដា ស្កុបពី ពណ៌ស ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងអមប្រឡាយភូមិត្រពាំងរំចេក ក្នុងទិដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ យុវជនជាអ្នកបើកម៉ូតូ បានឆ្លៀតបង្ហោះលេង ធ្វើឱ្យយុវជនដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូ ចំណែកម៉ូតូបានជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតា ព្រូស បណ្តាលឱ្យរងការខូចខាត រីឯយុវជនទាំង២នាក់ខាងលើ រងរបួសស្រាល។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានទាមទារសំណងចំនួន ៦០០ដុល្លារ តែភាគីម៉ូតូ សុំសម្រួល សងចំនួន ២០០ ដុល្លារ ហើយភាគីរថយន្ត ក៏យល់ព្រមបញ្ចប់រឿងនៅនឹងកន្លែងតែម្តង។

បន្ទាប់ពីធ្វើការសម្របសម្រួលជាមួយនឹងភាគីរថយន្តរួចហើយ យុវជនទាំង២នាក់ បានទាក់ទងទៅក្រុមគ្រួសារ ដើម្បីឱ្យយកលុយសងថ្លៃខូចខាតរថយន្តគេ។ លុះបន្តិចក្រោយមក ស្ត្រីជាម្តាយមីងរបស់យុវជនទាំង២នាក់ខាងលើ បានមកដល់កន្លែងកើតហេតុ រួចនិយាយទាំង ហួសចិត្តថា ម៉ូតូដែលពួកគេជិះបង្ហោះនេះ គឺខ្ចីគេទេ ហើយមុនកើតហេតុ គាត់ប្រើឱ្យពួកគេទៅទិញកៅអៀក បែរជាពួកគេឆ្លៀតបង្ហោះម៉ូតូ បង្កគ្រោះថ្នាក់ រហូតអស់លុយ ២០០ដុល្លារបែបនេះទៅវិញ៕

RELATED ARTICLES