Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញកាំភ្លើងខ្លីសៀតចង្កេះ អួតសម្ញែង បាន៤ថ្ងៃ ជាប់ខ្នោះ

ទិញកាំភ្លើងខ្លីសៀតចង្កេះ អួតសម្ញែង បាន៤ថ្ងៃ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានទិញកាំភ្លើងខ្លី ១ដើម យកមកសៀតចង្កេះ អួតសម្ញែងគេឯង លុះបាន៤ថ្ងៃ ស្រាប់តែត្រូវសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិអាល់កុល តាមដងផ្លូវ ឆែកឃើញ ក៏ចាប់វាយខ្នោះភ្លាមៗ។

ករណីរក្សាទុកអាវុធដោយខុសច្បាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ 57B ត្រង់ចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល។

ជនសង្ស័យដែលលាក់កាំភ្លើងតាមខ្លួន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនចិន នៅប៉ោយប៉ែត និងមានលំនៅ ភូមិរូងអម្ពិល ឃុំខ្នាចរមាស ស្រុកបវេល។

លោកសេង លុច អធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ជនសង្ស័យឈ្មោះយ៉ើន ថាវ័ន ត្រូវបានកម្លាំងរបស់លោក ដែលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសនានានៅលើដងផ្លូវ ឃាត់សាកសួរ ដោយសារតែជិះម៉ូតូមិនបំពាក់កញ្ចក់ លុះពេលឆែកឆេរ ស្រាប់តែប្រទះឃើញអាវុធខ្លី ១ដើម ដែលជននេះលាក់ ទុកជាប់ខ្លួន គ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ទើបសមត្ថកិច្ចសម្រេចចាប់វាយខ្នោះ នាំទៅកាន់អធិការដ្ឋានភ្លាមៗ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ើន ថាវ័ន បានឆ្លើយសារភាពថា អាវុធខ្លី ១ដើមខាងលើនេះ ពិត ជារបស់ខ្លួនមែន ដោយខ្លួនបានទិញពីជនជាតិថៃ ម្នាក់ ដែលយកមកលក់ឱ្យខ្លួនផ្ទាល់ នៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ ១ម៉ឺនបាត។

ជនសង្ស័យខាងលើ បានសារភាពបន្តថា ខ្លួនទើបតែទិញកាំភ្លើង ១ដើមនេះ បានរយៈពេល ៤ថ្ងៃប៉ុណ្ណោះ ហើយគោលបំណងដែលខ្លួនទិញកាំភ្លើង យកមកប្រើ ដោយសារតែខ្លួនធ្វើសន្តិសុខ ឱ្យក្រុមចិន នៅប៉ោយប៉ែត តែពុំមានច្បាប់ទម្លាប់ ឬក្របខ័ណ្ឌអ្វីទាំងអស់។ នៅយប់កើតហេតុ ខ្លួនបានជិះម៉ូតូ ពីក្រុងប៉ោយប៉ែត បម្រុងទៅលេងផ្ទះនៅភូមិរូងអម្ពិល ឃុំខ្នាចរមាស តែពេលជិះដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ឆែកឆេរ ប្រទះឃើញកាំភ្លើងខ្លីរបស់ខ្លួនតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន អាវុធខ្លី ១ដើម ម៉ាក ZORAKI.M906.T បង់១ និងមានគ្រាប់ ចំនួន៥គ្រាប់។ ម៉ូតូ ១គ្រឿង និងប្រាក់ ចំនួនជាង១ម៉ឺនបាត។ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES