Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងផឹកបងដឹង បងស្រវឹងបងដេក ចោរលួចហ្មត់

បងផឹកបងដឹង បងស្រវឹងបងដេក ចោរលួចហ្មត់

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ក្រោយពីផឹកស្រាស្រវឹង បានប្រះខ្លួនដេកលក់នៅលើបង់នាសួនច្បារ ស្រាប់ តែពេលភ្ញាក់ឡើង បាត់កាបូបដែលមានទូរស័ព្ទនិងឯកសារសំខាន់ៗមួយចំនួន ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ថតវីដេអូផុសថា ជាករណីឆក់កាបូប ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតសម្ភារៈប្រគល់ជូនជនរងគ្រោះវិញ។

ករណីលួចកាបូបនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសួនច្បារមាត់ទន្លេ តាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុំ ចាន់ ហៅអាខឿន ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។  ចំណែកជនរងគ្រោះ មានឈ្មោះ KYBIC MILOS ជាជនជាតិឆែក។

គួររំលឹកថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា មានករណីជនបរទេសម្នាក់ ត្រូវបានចោរឆក់កាបូប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើប អង្កេត ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថា ករណីនេះ មិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេសរងគ្រោះ បានដេកលក់លើបង់ នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និងលួចទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះខុំ ចាន់ ហៅអាខឿន ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលេខ៥ កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ និងដកហូតបានវត្ថុតាង រួមមាន បាស្ព័រ ចំនួន១ កាត ATM ចំនួន២។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារៈ ដូចជា លិខិតឆ្លងដែនលេខ អត្តសញ្ញាណប័ណ្ណជនជាតិឆេក កាតធនាគារ ប័ណ្ណបើកបរអន្តរជាតិ និងទូរស័ព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆេក ដែលត្រូវបានជនសង្ស័យ លួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេស ជនជាតិឆេក ផឹកស្រាស្រវឹង ដេកលក់នៅលើបង់។

ប្រភពដដែល បានបញ្ជាក់ថា ជនបរទេសជនជាតិឆេក មានឈ្មោះ KYBIC MILOS និងកូនប្រុស បានអរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានជួយស្វែងរកសម្ភារៈដែលបាត់បង់ទៅ យកមកប្រគល់ឱ្យគាត់វិញ។

ក្នុងអំពើលួចសម្ភារៈជនបរទេសខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ និងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធី៕

RELATED ARTICLES