Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំមានសង្សារបាត់ខ្លួន ម៉ែប្តឹងប៉ូលិស

កូនក្រមុំមានសង្សារបាត់ខ្លួន ម៉ែប្តឹងប៉ូលិស

ខេត្តបន្ទាយមានជ័យ ៖ យុវតីរូបស្រស់ម្នាក់ ទើបនឹងត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ ក្នុងគោលបំណងរៀបពិធីមង្គលការ ជាមួយសង្សារដែលទាក់ទងស្រលាញ់គ្នានៅស្រុកថៃ ស្រាប់តែមកដល់ផ្ទះ បាន១ថ្ងៃ សុំម្តាយទៅទិញទឹកអប់ ដើម្បីយកទៅវត្តគន់គូរពេលារៀបការ រួចក៏បាត់ខ្លួនឈឹង អស់រយៈពេលជិត ២០ថ្ងៃមកហើយ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយ ភ័យបារម្ភ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមស្វែងរកកូនស្រី។

យុវតីរូបស្រស់ដែលបាត់ខ្លួនខាងលើ មានឈ្មោះអាត ណងមឿយ អាយុ១៨ឆ្នាំ មានលំនៅ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។ យុវតីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

តាមប្រភពមជ្ឈមណ្ឌលប្រចាំបញ្ជា Hotline 117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលព័ត៌មានពីឈ្មោះជុំ មែវ ភេទស្រី អាយុ៤៣ឆ្នាំ មានលំនៅ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ដោយបានបញ្ជាក់ថា គាត់បាត់កូនស្រីម្នាក់ ឈ្មោះអាត ណងមឿយ អាយុ១៨ឆ្នាំ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៤ ដោយនាងបានសុំម្តាយទៅទិញទឹកអប់ ដើម្បីទៅវត្ត ស្រាប់តែទៅបាត់រហូត មកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ ទើបគាត់សុំឱ្យសមត្ថកិច្ចប្រចាំបញ្ជា ១១៧ ជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជានៃអធិការរដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីអន្តរាគមន៍បន្ទាន់។

ដោយឡែកតាមប្រភពពីសមត្ថកិច្ចស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ សមត្ថកិច្ចបានធ្វើការសាកសួរបន្ថែម និងត្រូវបានស្ត្រីជាម្តាយឈ្មោះជុំ មែវ រៀបរាប់ថា កូនស្រីរបស់គាត់ ឈ្មោះអាត ណងមឿយ រយៈកន្លងមក ធ្លាប់បាន ចេញទៅធ្វើការនៅប្រទេសថៃ ហើយក្រោយមកកូនស្រីគាត់ មានទំនាក់ទំនងស្នេហា ស្រលាញ់គ្នាជាមួយឈ្មោះ ជា ឧស្សា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជីមាស ស្រុកស្ទោង ខេត្តកំពង់ធំ រហូតដល់ព្រមព្រៀងយកគ្នាជាប្តីប្រពន្ធ។

ស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួន បានបន្តថា លុះមកដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ កូនស្រីរបស់គាត់ បានត្រ ឡប់ពីប្រទេសថៃ មកផ្ទះវិញ ក្នុងគោលបំណងរៀបចំពិធីមង្គលការ។ បន្ទាប់មក នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កូនស្រីគាត់ បានសុំគាត់ជាម្តាយ ទៅទិញទឹកអប់ ដើម្បីទៅវត្ត គន់គូរពេលារៀបការ រួចក៏ចាកចេញទៅបាត់ មិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយទៅតាមសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកយុវតីខាងលើ៕

RELATED ARTICLES