Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបកុងស៊ីបញ្ចាំ ដកហូតម៉ូតូជាង៣០គ្រឿង

បង្ក្រាបកុងស៊ីបញ្ចាំ ដកហូតម៉ូតូជាង៣០គ្រឿង

ភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំ និងទិញលក់ម៉ូតូ ១កន្លែង នៅម្តុំឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាប ឆែកឆេរ ដកហូត បានម៉ូតូ ចំនួន៣១គ្រឿង និងស្លាកលេខ ប្រមាណជាង១០០បន្ទះ ព្រមទាំងកាតគ្រី និងអត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធទិញ-លក់ស្លាកលេខម៉ូតូ។

ប្រតិបត្តិការបង្ក្រាបកុងស៊ីបញ្ចាំនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកុងស៊ីបញ្ចាំ និងទិញ-លក់ម៉ូតូ ស្ថិតនៅផ្ទះលេខ 49B ផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ផងដែរ។

ប្រភពដដែល បន្តថា ការចុះឆែកឆេរ ដកហូតម៉ូតូនេះ ធ្វើឡើងបន្ទាប់ពីមានចម្លើយសារភាពពីជនសង្ស័យម្នាក់ ដែលបានទិញស្លាកលេខម៉ូតូ ពីកុងស៊ីបញ្ចាំខាងលើ ហើយបានយកទៅបង្ហោះលក់ជាសាធារណៈ នាពេលកន្លងមក។ ក្នុងការចុះបង្ក្រាបនេះដែរ ម្ចាស់កុងស៊ី ទំនងជាដឹងខ្លួនទាន់ បានគេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែង។

ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតម៉ូតូចំនួនចំនួន ៣១គ្រឿង ស្លាកលេខម៉ូតូ ចំនួន ១១២សន្លឹក កាតគ្រីម៉ូតូ ចំនួន៧២សន្លឹក អត្តសញ្ញាណប័ណ្ណ ចំនួន១១សន្លឹក សំបុត្រកំណើត ចំនួន៣ច្បាប់ ធុងខ្យល់សម្រាប់កឹបស្លាកលេខចំនួន១ និងកូនសោ មួយចំនួនទៀត បញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមនីតីវិធី។

បន្ទាប់ពីចប់ប្រតិបត្តិការ នៅម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែលនោះ គណៈកម្មការចម្រុះ ក៏បានបិទសៀល ទីតាំងខាងលើ ជាបណ្តោះអាសន្ត៕

RELATED ARTICLES