Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់ម៉ូតូមិត្ត ភ័យប៉ូលិសដេញចាប់ រត់ចោលម៉ូតូ

ស៊ីដាច់ម៉ូតូមិត្ត ភ័យប៉ូលិសដេញចាប់ រត់ចោលម៉ូតូ

ខេត្តតាកែវ ៖ យុវតីម្នាក់ បានជួបមិត្តភក្តិចាស់ម្នាក់ ធ្លាប់រៀនជាមួយគ្នា រួចជជែកគ្នាលេងមួយសន្ទុះ ស្រាប់តែ មិត្តចាស់ជើងល្អ បានសុំខ្ចីម៉ូតូជិះទៅផ្ទះមួយួភ្លែត រួចក៏ជិះយកទៅបាត់ មិនឃើញយកមកឱ្យវិញ ទើបយុវតីជាម្ចាស់ម៉ូតូ ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ តាមរកឃើញ ប្រដេញចាប់ ធ្វើឱ្យជនសង្ស័យភ័យ ផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់។

ករណីខ្ចីម៉ូតូជិះ ស៊ីដាច់នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីជាម្ចាស់ម៉ូតូ បានជិះម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាក Honda Beat ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ តាកែវ 1AB-3654 ធ្វើដំណើរចេញមកពីរាជធានីភ្នំពេញ ដើម្បីមកយកសម្ភារៈមួយចំនួន នៅផ្ទះម្តាយ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពដដែល បន្តថា លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចមុខរោងចក្រលាយបូរ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ យុវតីរងគ្រោះ បានឈប់ម៉ូតូចូលទៅទិញភេសជ្ជៈផឹក ស្រាប់តែបានជួបមិត្តភក្តិចាស់ម្នាក់ ឈ្មោះរ៉ូត  ដែលធ្លាប់រៀនភាសាអង់គ្លេស ជាមួយគ្នា ទើបបានសួរនាំចុះ ឡើងមួយសន្ទុះ មិត្តភក្តិនោះ បានសុំខ្ចីម៉ូតូរបស់យុវតីរងគ្រោះ ប្រាប់ថា “ជិះទៅផ្ទះមួយភ្លែត” លុះពេលយុវតីរងគ្រោះឱ្យខ្ចីម៉ូតូជិះ ស្រាប់តែជនសង្ស័យជាមិត្តភក្តិរូបនោះ បានជិះគេចបាត់ មិនព្រមយកម៉ូតូមកប្រគល់ឱ្យជនរងគ្រោះវិញឡើយ។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃដដែល ជនរងគ្រោះបានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលលាយបូរ។ លុះទទួលបានព័ត៌មានខាងលើ និងដោយមានការបញ្ជាពីលោកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានតាមដានស៊ើបអង្កេតនិងស្រាវ ជ្រាវ រហូតឈានដល់ការដេញចាប់ជនសង្ស័យ យ៉ាងប្រកៀកប្រកិត តែត្រូវជនសង្ស័យភ័យ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនបាត់ភ្លាមៗ ដោយបន្សល់ទុកម៉ូតូរបស់ជនរងគ្រោះ នៅនឹងកន្លែង។

ក្រោយកើតហេតុ ម៉ូតូខាងលើ ត្រូវបានលោកអធិការប្រគល់ជូនយុវតីជាម្ចាស់ម៉ូតូវិញ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកកចាត់ការតាមច្បាប់៕

RELATED ARTICLES