Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាម៉ូតូឌុប លួចទូរស័ព្ទប៉េអឺម ប៉ូលិសចាប់

តាម៉ូតូឌុប លួចទូរស័ព្ទប៉េអឺម ប៉ូលិសចាប់

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូឌុប បានធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង របស់មន្ត្រីកងរាជ អាវុធហត្ថម្នាក់ បានសម្រេច រួចព្យាយាមរត់គេចខ្លួន អស់រយៈពេល៣ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីរល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះវេរលុយ ទ្រូម៉ាន់នី មានទីតាំងស្ថិតនៅផ្ទះលេខ០១ ផ្លូវលេខ៣៣៦ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគិន សំណាង ហៅពៅ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១១៩៩ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះឌុក សាវន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ នៅចំណុចផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពីបទលួចទូរស័ព្ទដៃ ១គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះវេរលុយ ទ្រូម៉ាន់នី ទីតាំងផ្ទះលេខ០១ ផ្លូវលេខ៣៣៦ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-5207 មានលេខតួនិងលេខម៉ាស៊ីន 5154476 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 13 Pro Max ពណ៌ស្វាយ (ជារបស់ជនរងគ្រោះ) និងបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES