Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អាជ្ញាធរចុះពិនិត្យទីតាំងម៉ាស្សា សង្ស័យបង្កប់ល្បែង

 អាជ្ញាធរចុះពិនិត្យទីតាំងម៉ាស្សា សង្ស័យបង្កប់ល្បែង

ភ្នំពេញ ៖ ក្រោយមានបណ្តាញសង្គមមួយចំនួន បានបង្ហោះជាសាធារណៈថា ទីតាំង ឌីអិន ស្ប៉ា និងម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្តែង។

សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបញ្ជាពីលោកថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យលោកកេត ឧត្តម អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យផ្ទាល់ នៅចំណុចទីតាំង ឌីអិន ស្ប៉ានិងម៉ាស្សា ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា តែពុំឃើញមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៊ីសងឡើយ។

នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ច សន្យា ចំពោះមុខសមត្ថកិច្ច មិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀន ជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា អាជ្ញាធរនឹងអនុវត្តតាមច្បាប់។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែបង្ក្រាប។

ក្នុងនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់ដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌ ទាំង១៤ ក៏ដូចជាប្រធានផ្សារ ទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ៕

RELATED ARTICLES