Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីឡានលោកជិះ យកទៅលក់ ជាប់ខ្នោះ

ខ្ចីឡានលោកជិះ យកទៅលក់ ជាប់ខ្នោះ

ខេត្តតាកែវ ៖ បុរសម្នាក់ បានខ្ចីរថយន្ត ១គ្រឿង របស់ព្រះចៅអធិការវត្ត ជិះ រួចបែកគំនិតយកទៅលក់បានលុយ ៨ពាន់ដុល្លារ លុះព្រះចៅអធិការទាមទាររថយន្តវិញ បានប្រើលេសនេះលេសនោះរហូត ទីបំផុតព្រះចៅអធិការវត្ត ស៊ើបដឹងថា រថយន្តនោះត្រូវជនសង្ស័យយកទៅលក់បាត់ហើយ ក៏ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យដែលយករថយន្តព្រះចៅអធិការវត្ត ទៅលក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ជនសង្ស័យ មានឈ្មោះសែស ហាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបរគ្រឿងចក្រកាយដីលក់ មានលំនៅ ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យ បានខ្ចីរថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-8710 ពីចៅព្រះអធិការវត្ត ព្រះនាម ខាន់ ឡឹង ព្រះជន្ម ៥១វស្សា គង់នៅវត្តស្វាយអណ្តែត ស្ថិតក្នុងភូមិក្រាំងកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ដោយប្រាប់ថា យកជិះទៅលេងផ្ទះបងប្អូន។ លុះដល់ល្ងាចថ្ងៃដដែល ជនសង្ស័យបានយករថយន្តព្រះចៅអធិការវត្ត ទៅលក់ឱ្យអ្នកដទៃ ជាកសិករ រស់នៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ក្នុងតម្លៃ៨ពាន់ដុល្លារ។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ព្រះចៅអធិការ មិនបានដឹងថា ជនសង្ស័យយករថយន្តរបស់ព្រះអង្គ ទៅលក់នោះទេ ប៉ុន្តែពេលព្រះអង្គសួររករថយន្ត ជនសង្ស័យមិនព្រមយកមកប្រគេនព្រះអង្គវិញ និងចេះតែប្រើលេសដោះសាបែបនេះបែបនោះរហូត លុះព្រះអង្គសង្ស័យ ក៏ស៊ើបសួរ ទើបដឹងថា រថយន្តរបស់ព្រះអង្គ ត្រូវជនសង្ស័យលក់បាត់ទៅហើយ ទើបព្រះអង្គសម្រេចព្រះទ័យដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីមានពាក្យបណ្តឹងរបស់ព្រះសង្ឃចៅអធិការវត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាទៅលោកស្នងការរង ទទួលនគរបាលផែនយុត្តិធម៌ ដើម្បីប្រើប្រាស់កម្លាំងការិយាល័យជំនា ញព្រហ្មទណ្ឌ បើកការអង្កេតលើករណីខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ទើបនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង រថយន្តរបស់ព្រះចៅអធិការ ១គ្រឿងនោះ មកប្រ គេនព្រះអង្គវិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES