Saturday, July 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់ថ្ម គ្រោងរំលោភយកទន្លេ ៣០០ម៉ែត្រ អាជ្ញាធរឲ្យឧកញ៉ាកាយចេញ ចាត់ការផ្លូវច្បាប់

ចាក់ថ្ម គ្រោងរំលោភយកទន្លេ ៣០០ម៉ែត្រ អាជ្ញាធរឲ្យឧកញ៉ាកាយចេញ ចាត់ការផ្លូវច្បាប់

ខេត្តកំពង់ចាម ៖ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ ករណីបុគ្គលម្នាក់ ឈ្មោះ ទន់ ឆៃអ៊ាង ដែលប្រភពអះអាងថា មានគោរមងារជាឧកញ៉ា បានចាក់ថ្មលុបទន្លេមេគង្គ គ្រោងរំលោភយកធ្វើជាកម្មសិទ្ធិ ប្រវែងជិត៣០០ម៉ែត្រ ជម្រៅ ៥៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយជាវិធានការបឋម អាជ្ញាធរបានបញ្ជាឲ្យជនល្មើសនេះ បញ្ឈប់សកម្មភាពចាក់ថ្មលុបទន្លេ ជាបន្ទាន់ និងកាយថ្មចេញវិញ ក្នុងរយៈពេល៧០ថ្ងៃ ជាកំហិត។ ចំណែកវិធានការបន្ទាប់ គឺអាជ្ញាធរនឹងសិក្សាផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកលើជនល្មើសនេះបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកំពង់ចាម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ប្រាកដមែន ដោយសកម្មភាពនេះ បានដំណើរការជិត ២ខែមកហើយ ពោលតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មកម៉្លេះ ហើយការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេ ប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេ ប្រវែង ២៩៤,៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យជនល្មើសដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម ៖

ទី១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។

ទី២- ត្រូវធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនេះចេញវិញ ឱ្យអស់ យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

ទី៣- ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល ១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬពេលវេលាជាក់ស្តែង។

រដ្ឋបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍ មកឲ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានការទប់ស្កាត់នូវបទល្មើសនានាក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះ គ្រាន់តែជាវិធានការបឋមតែប៉ុណ្ណោះ ។ ជាវិធានការបន្ទាប់ រដ្ឋបាលខេត្ត នឹងសិក្សាផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ 

ពាក់ព័ន្ធករណីនេះដែរ លោកវង្ស សំអាង និងលោកកៅ ម៉េងសៀង ជាតំណាងរបស់លោកទន់ ឆៃអ៊ាង ជាភាគីម្ចាស់ដី បានទទួលស្គាល់នូវសកម្មភាពនៃការចាក់ថ្មចូលទន្លេ និងការរកឃើញរបស់ក្រុមការងាររបស់រដ្ឋបាលខេត្ត ដូចបានបញ្ជាក់ខាងលើ ព្រមទាំងយល់ព្រមអនុវត្តវិធានការរបស់រដ្ឋបាលខេត្ត ទាំង៣ចំណុច ខាងលើផងដែរ។

ជុំវិញករណីចាក់ថ្មលុបទន្លេ ខាងលើនេះ មហាជនបានសម្តែងការភ្ញាក់ផ្អើល និងហួសចិត្តគ្រប់គ្នា នឹងបានថ្កោលទោសជនល្មើសដែលមានភាពលោភលន់ហួសហេតុ បំផ្លាញធនធានធម្មជាតិ ដោយគ្មានញញើតនឹងច្បាប់។

 លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា «ហួសនឹងថ្លែង មនុស្សអីក៏លោភលន់ដល់ថ្នាក់នេះ !! បើមិនបានជួយជាតិ សូមកុំបំផ្លាញជាតិ» ៕

RELATED ARTICLES