Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជិះកង់បី ដើរលក់ថ្នាំញៀន ជាប់ខ្នោះ២

 ជិះកង់បី ដើរលក់ថ្នាំញៀន ជាប់ខ្នោះ២

ខេត្តសៀមរាប ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពជិះម៉ូតូកង់បី ១គ្រឿង ដឹកគ្នាដើរលក់ថ្នាំញៀន យ៉ាងបើកចំហ ទីបំផុតត្រូវកម្លាំងជំនាញអាវុធហត្ថស្រុកសូទ្រនិគម ចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបជនសង្ស័យពាក់ព័ន្ធថ្នាំញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្សារដំដែក ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះម៉េង រំហ៊ាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប និងទី២-ឈ្មោះមាស រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ចំណែកវត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់ធំ ទម្ងន់៣០,៨៧ក្រាម។ ម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AI-3778។ ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក OPPO និងម៉ាក VIVO)។ កូនកាបូបដៃ ដាក់លុយ១ មានប្រាក់ ចំនួន១៩០០រៀល។ ឧបករណ៍ច្រកថ្នាំញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានប្រគល់ឱ្យការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធ ហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES